ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អ៊ីរ៉ាក់៖ ក្រុង Fallujah ត្រូវ​បាន​រំដោះ​ទាំងស្រុង


ទាហាន​អ៊ីរ៉ាក់​លើក​ទង់ជាតិ​អ៊ីរ៉ាក់​នៅ​លើ​អគារ​មួយ បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា ក្រុង​ Fallujah ត្រូវ​បាន​រំដោះ​ទាំងស្រុង។
ទាហាន​អ៊ីរ៉ាក់​លើក​ទង់ជាតិ​អ៊ីរ៉ាក់​នៅ​លើ​អគារ​មួយ បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា ក្រុង​ Fallujah ត្រូវ​បាន​រំដោះ​ទាំងស្រុង។

មន្ត្រី​អ៊ីរ៉ាក់​ជាន់ខ្ពស់​មួយ​រូប​និយាយ​ថា ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់បាន​រំដោះ​ក្រុង​Fallujah ពី​ពួក​រដ្ឋឥស្លាម​ហើយ​ បន្ទាប់​ពីការ​វាយ​លុក​ខាង​យោធា​អស់រយៈពេល​មួយ​ខែ​ដើម្បី​ដណ្តើម​ការ​ត្រួតត្រា​ក្រុងនេះ។

លោក​ឧត្តមសេនីយ៍​ឯក Abdul-Wahab al-Saadi បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​នៅ​ពេល​នេះ​ក្រុង Fallujah បាន​ត្រូវ «រំដោះ​ទាំង​ស្រុង» ហើយ បន្ទាប់​ពីកងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចូលត្រួតត្រា​សង្កាត់ Julan ដែល​ជា​តំបន់ចុង​ក្រោយ​បង្អស់​ក្នុង​ក្រុង​នេះ ​ដែលត្រូវ​បាន​ត្រួតត្រា​ដោយ​ពួក​រដ្ឋ​ឥស្លាម។​ ការ​បំផ្លិច​បំផ្លាញ​ក្នុង​ក្រុង​នេះ​មាន​ភាព​ធំធេង។​

ដោយ​មានការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា និង​ដោយ​មាន​ជំនួយ​ពី​ពួក​ជីវពល​និកាយ​ស៊ីអ៊ីតខ្លាំង​មួយ​ក្រុម កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ធ្វើ​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ជា​ច្រើន​សប្តាហ៍​ ដើម្បី​បណ្តេញ​ពួក​យុទ្ធជន​ជ្រុល​និយម​ទាំង​នោះចេញ​ពីក្រុង។ គ្មាន​របាយការណ៍​ច្បាស់លាស់​អំពី​ចំនួន​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​ចំនួន​កង​កម្លាំង​សន្តិសុខរដ្ឋាភិបាល​អ៊ីរ៉ាក់​ប៉ុន្មាន​នាក់ ​ដែល​បាន​ស្លាប់ ឬ​ត្រូវ​របួសនៅ​ក្នុង​ការ​ប្រយុទ្ធ​ដណ្តើម​យក​ក្រុងនេះ​ទេ។

ដោយ​ខ្លាច​ស្លាប់​នៅ​ក្នុង​ការ​បាញ់តគ្នា​ មនុស្ស៨​៥.០០០​នាក់​បាន​ចាកចេញ​ពី​ក្រុងនេះ​ និង​តំបន់​នៅជុំវិញ​ ដែល​ជា​ចំនួន​ច្រើន​លើសលប់ហួស​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​មនុស្សធ៌មនិង​របស់រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ពួក​គេ។​ ​ជន​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​ច្រើន​នាក់​គ្មាន​ជម្រក​គ្រប់គ្រាន់ទេ ដោយ​រស់​នៅ​ក្នុងអំឡុង​ពេល​រដូវ​ក្តៅ​មាន​សីតុណ្ហភាព៤៥អង្សាសេ ឬ​ខ្ពស់ជាង​នេះ ជាមួយ​នឹង​ព្យុះ​ខ្សាច់​ថែម​ទៀត​ផង​ដែរ។​

លោក​ Nasr Muflahi នាយក​អង្គការ​ NRC ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​បាន​ព្រមាន​ថា «ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​ជំរុំទាំង​នេះ​ ស្ថាន​ភាព​របស់ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាង​គេ​នឹងអាច​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន»។

នាយក​នៃ​មជ្ឈមណ្ឌល​សុខភាពមួយ​នៅ​ Amariyat al Fallujah ដែល​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ច្រើននាក់​បាន​ទៅ​ជ្រកកោន​បាន​ព្រមាន​អំពី​ការ​ខ្វះទឹក​និង​អនាម័យ។

លោកនាយក Ahmed Basel បាន​និយាយ​ថា «យើង​មាន​មនុស្ស​ជា​ច្រើន​នាក់​ ប៉ុន្តែមាន​បង្គន់​តែ​ពីរ​បីប៉ុណ្ណោះ។ មាន​គ្រួសារ​មួយ​ជ្រក​កោន​រៀងរាល់​ចម្ងាយ​៥ម៉ែត្រ»៕

XS
SM
MD
LG