ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុងបេរូត (Beirut) ថាក្រុមយោធាស.រ.អា.បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេកំពុងពិនិត្យមើលការអះអាងដោយក្រុមសកម្មជនមួយក្រុមដែលថាមានជនស៊ីវិលយ៉ាងតិចណាស់៥២នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អា.នៅជិតក្រុងព្រំដែន Kobani នៃប្រទេសស៊ីរីនៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម។
ការវាយប្រហារតាមអាកាសទាំងនេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រទៅលើភូមិស៊ីរី Bir Mahli នេះបើតាមការប្រាប់ឱ្យដឹងដោយអង្គការ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។ ក្រុមចម្រុះដឹកនាំដោយស.រ.អា.បាននិយាយថាការវាយប្រហាររបស់ពួកគេនៅពេលនោះបានបំផ្លាញទីតាំង៧របស់ក្រុមរដ្ឋអ៊ីស្លាមនិងយានជំនិះមួយគ្រឿងរបស់ក្រុមនេះនៅជិតក្រុង Kobani ដែលពួកយុទ្ធជន Kurde បានវាយបណ្តេញក្រុមជ្រុលនិយមចេញពីក្រុងនេះនៅក្រោយមានការប្រយុទ្ធគ្នាជាច្រើនខែ។
កាលពីថ្ងៃសៅរ៍ លោក Rami Abdurrahman នាយកអង្គការ Observatory បាននិយាយថាការវាយប្រហារទាំងនេះត្រូវចំតែក្រុមជនស៊ីវិលនៅក្នុងផ្ទះសំបែងពួកគេក្នុងភូមិ Bir Mhali ដែលជាភូមិមួយមានអ្នកស្រុកចម្រុះ Kurde និងអារ៉ាប់ បណ្តាលឱ្យមនុស្ស៥២នាក់ស្លាប់ដោយមានរួមបញ្ចូលកុមារ៧នាក់និងស្ត្រី៩នាក់ផងដែរ។ ក្រុមសកម្មជនរបស់លោកពឹងពាក់លើបណ្តាញមួយនៃក្រុមសកម្មជននៅក្នុងប្រទេសស៊ីរីដេលមានសង្គ្រាមស៊ីវិលជាងបួនឆ្នាំមកហើយនោះ៕