កាលពីថ្ងៃអាទិត្យ កងយន្តហោះប្រតិកម្មប្រយុទ្ធរបស់រដ្ឋាភិបាលស៊ីរីបានទម្លាក់គ្រាប់បែកលើក្រុង Jisr al-Shughour ដែលជាក្រុងសំខាន់មួយក្នុងប៉ែកពាយ័ព្យប្រទេសមួយថ្ងៃក្រោយពីរណសិរ្ស Nusra ដែលមានចំណងទាក់ទងជាមួយពួក al-Qaida និងពួកសម្ព័ន្ធមិត្តរបស់ពួកគេវាយយកបានក្រុងនេះជាលើកដំបូងក្នុងជម្លោះក្នុងប្រទេសស៊ីរី ដែលមានរយៈពេលបួនឆ្នាំមកហើយនោះ។
អង្គការ Syrian Observatory for Human Rights មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសដែលឃ្លាំមើលការប្រយុទ្ធគ្នាក្នុងប្រទេសស៊ីរីបាននិយាយថា យ៉ាងហោចណាស់មានការវាយប្រហារតាមអាកាសបួនលើកត្រូវចំក្រុងនេះដែលជា
សំបុកចុងក្រោយមួយរបស់រដ្ឋាភិបាលនៅក្នុងខេត្ត Idlib បន្ទាប់ពីក្រុមឧទ្ទាមបានវាយយកបានក្រុង Idlib City ដែលជាទីរូមខេត្ត Idlib កាលពីមួយខែមុននេះ។
ការវាយយកបានក្រុង Jisr al-Shughour ដែលមានប្រជាជន៥ម៉ឺននាក់ជាការបាត់បង់ថ្មីបំផុតក្នុងបណ្តាការបាត់បង់មួយចំនួនដោយរដ្ឋាភិបាលក្រុងដាម៉ាស់នៅក្នុងផ្នែកខាងជើងនិងខាងត្បូងនៃប្រទេសស៊ីរី។ ជាមួយការរលំក្រុងនេះ ក្រុមទាហានរដ្ឋាភិបាលស៊ីរីមានវត្តមានតែនៅក្នុងក្រុងនិងភូមិមួយចំនួនតូចនៅក្នុងខេត្ត Idlib។
គ្មានដំណឹងជាបន្ទាន់អំពីចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យទេ ក៏ប៉ុន្តែអង្គការ Observatory បាននិយាយថាមានមនុស្សយ៉ាងតិចណាស់២៧នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស
កាលពីថ្ងៃសៅរ៍ ដោយមានរួមបញ្ចូលទាំងពួកបះបោរ២០នាក់ផងដែរ។ បណ្តាញផ្សាយព័តមានរបស់រដ្ឋបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានដាក់ពួកទាហានជាថ្មីនៅខាងក្រៅក្រុង Jisr al-Shugour «ដើម្បីបញ្ចៀសកុំឲ្យមានមនុស្សស្លាប់ក្នុងចំណោមក្រុមជនស៊ីវិលស្លូតត្រង់គ្មានទោសពៃរ៍៕