ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអញ្ជើញមេដឹកនាំប្រទេសនានានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ឱ្យមកបំពេញទស្សនកិច្ចនៅសេតវិមាននៅចុងឆ្នាំនេះ។ នេះបើតាម ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃចន្ទម្សិលមិញ។ សហរដ្ឋអាមេរិកនឹងពង្រីកការខំប្រឹងប្រែងដើម្បីបង្កើនចំណងទាក់ទងជាមួយតំបន់ ដោយការបញ្ជូនពួកអ្នកការ ទូតធ្វើការទាក់ទងដោយផ្ទាល់ជាមួយរដ្ឋាភិបាលនៅទូទាំងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយនឹងបញ្ជូនបុគ្គលិកធ្វើការងារជាមួយវេទិកាប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលមានបញ្ហា។
លោក Kurt Campbell អ្នកសម្របសម្រួលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ក្រុមប្រឹក្សាសន្ដិសុខជាតិបានគូសបញ្ជាក់យ៉ាងដូចនេះនៅក្នុងសន្និសីទកំពូលពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងប្រទេសនូវែលសេឡង់ដោយសភាពាណិជ្ជកម្មទីក្រុងAuckland ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Campbell បានថ្លែងថា «សម្រាប់សហរដ្ឋអាមេរិកដើម្បីឱ្យមានប្រសិទ្ធភាពនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនោះ យើងត្រូវធ្វើឱ្យច្រើនថែមទៀត ហើយយើងត្រូវតែធ្វើឱ្យច្រើននៅក្នុងវិស័យនានាដែលមានបញ្ហា និងមានសារៈសំខាន់ដល់ពួកអ្នករស់នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក»។
លោក Campbell បានប្រាប់ពួកអ្នកចូលរួមវេទិកាថា សហរដ្ឋអាមេរិកមានផែនការបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ទៅកាន់ប្រទេសមួយកោះចំនួននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកដែលមានវត្តមានការទូតសហរដ្ឋអាមេរិកតិចតួចនោះ។
សុន្ទរកថានេះ បានកើតមានឡើងទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសSolomon Islands បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់មួយជាមួយប្រទេសចិន ដោយបានបង្កើនការព្រួយកង្វល់ក្នុងចំណោមសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់អាមេរិកអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបង្កើនអំណាចយោធាឆ្ពោះទៅភាគខាងកើតឆ្ងាយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ថ្វីបើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខនៅតែមិនទាន់បានផ្សព្វផ្សាយ ពង្រាងនៃកិច្ចព្រមព្រៀងនោះ អនុញ្ញាតឱ្យនាវាចម្បាំងចិនចតនៅប្រជុំកោះនោះ ប្រសិនបើភាគីទាំង២ព្រមព្រៀងហើយរដ្ឋាភិបាលក្រុងប៉េកាំងនឹងបញ្ជូនកងកម្លាំងដើម្បីជួយរក្សា«សណ្តាប់ធ្នាប់សង្គម»។
ក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានខិតខំធ្វើការងារដើម្បីទាក់ទងកាន់តែជិតស្និទ្ធឡើង ជាមួយរដ្ឋាភិបាលនានានៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដើម្បីទប់ទល់អ្វីដែលសហរដ្ឋអាមេរិកមើលឃើញថា ជាការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះ។
កាលពីខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងសុន្ទរកថា អំពីផែនការរបស់រដ្ឋបាលអាមេរិក ដើម្បីពង្រីកនូវការទាក់ទងរបស់ខ្លួនទៅកាន់តំបន់នោះ ដែលត្រូវបានគេចាត់ទុកថាជាការផ្សព្វផ្សាយ«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយ»។ លោក Blinken បានវិលត្រឡប់ទៅកាន់តំបន់នោះកាលពីខែកុម្ភៈ ដើម្បីពិភាក្សាមួយលើកទៀតជាមួយពួកមន្ត្រីជាន់ខ្ពស់៕