សហ​រដ្ឋ​អាមេរិក​គ្រោង​ពិភាក្សា​ដោយ​«ចំហ»​ជា​មួយ​ចិន​អំពី​ពាណិជ្ជ​កម្ម

រូបឯកសារ៖ គណៈកម្មការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​អាមេរិក​បើក​សវនាការ​អំពី​ការ​តែង​តាំង​អ្នកស្រី Katherine Tai ធ្វើជា​អ្នកតំណាងពាណិជ្ជកម្ម​អាមេរិក។ (Reuters)

មន្ត្រី​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​ផ្នែក​ចរចា​ពាណិជ្ជ​កម្ម​បាន​និយាយ​ថា​ប្រទេស​ចិន​មិន​បាន​ធ្វើ​តាម​ការប្តេជ្ញាចិត្ត​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន​ ហើយ​ថារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ធ្វើ​ការ​សន្ទនា​ដោយ​ចំហ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។​

នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី ​Katherine Tai ​អ្នក​តំណាង​វិស័យ​ពាណិជ្ជ​កម្មសហ​រដ្ឋ​អាមេរិក​ បាន​និយាយ​ថា៖​ «ប្រទេស​ចិន​បាន​ប្តេជ្ញាចិត្ត​ក្នុង​គោល​បំណង​ផ្តល់​ផល​ប្រយោជន៍​ខ្លះ​ដល់​ឧស្សាហ​កម្ម​អាមេរិក រួមទាំង​វិស័យ​កសិកម្ម​ ដែល​យើង​ត្រូវ​តែ​ពង្រឹង»។​

ប្រទេស​ចិន​បាន​ប្តេជ្ញា​បន្ថែម​ទឹក​ប្រាក់​ចំនួន ​២០០​ពាន់​លាន​ដុល្លារ​ទិញ​ទំនិញ​នាំ​ចេញ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ដំណាក់​កាល​ទី១​ ដែល​បាន​ចរចា​ក្នុង​អំឡុង​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី ​Donald Trump។​

អ្នកស្រី ​Tai ​បាន​និយាយ​ថា​ ប្រទេស​ចិន​បាន​ទិញ​មិន​គ្រប់​តាម​ការ​សន្យា​ហើយ​អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​នឹង​ស្វែង​រក​កិច្ច​ប្រជុំ​ជាមួយ​សមភាគី​ចិន​ គឺ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ Liu He ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​នេះ។​

នៅ​ក្នុង​ពិធី​កាល​ពី​ថ្ងៃ​ច័ន្ទ​ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ (CSIS) អ្នកស្រី ​Tai​ បាន​ថ្លែង​ថា៖ «សំខាន់​ជាង​គេ​បំផុត​នោះ​ គឺ​យើង​ត្រូវ​តែ​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​ខាង​តែ​បាន»។​

បន្ត​យុទ្ធសាស្ត្រ​របស់​លោក Trump

លោក​ William Adams ​ អនុប្រធាន​ជាន់​ខ្ពស់​ និង​ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ឧបសម្ព័ន្ធ​សេវាកម្ម​ហិរញ្ញវត្ថុ ​PNC ​បាន​ចាត់​ទុក​សារ​ទាំងមូល​នៃ​សុន្ទរកថា​របស់​អ្នកស្រី ​Tai​ ថា​ ជា​«ការ​បន្ត​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក​ Trump ​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​អាមេរិក-ចិន»។​

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​រក្សា​ពន្ធគយ​កំណត់​ដោយ​លោក ​Trump ​ ​ខណៈអ្នកស្រី ​ Tai ​បាន​ធ្វើការ​ត្រួត​ពិនិត្យ​រយៈ​ពេល​មួយ​ខែ​ពេញ​លើ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ចិន។

អ្នកស្រី ​Tai​ បាន​និយាយ​កាល​ពី​ថ្ងៃច័ន្ទ​ថា​ តទៅ​មុខ​ រដ្ឋបាល​របស់​លោក ​Biden ​នឹង​ដក​ពន្ធគយ​ខ្លះ​ចេញ​ពីទំនិញ​នាំ​ចូល​របស់​ចិន​មួយ​ចំនួនដែល​កំណត់​ដោយ​រដ្ឋបាល​លោក​ Trump ។​ ការ​លើក​លែង​ពន្ធគយ​ពី​មុន​ភាគ​ច្រើន​បាន​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​មុន៕

(Yinan Wang, Lin Yang ​និង​ Forest Cong​ វីអូអេ​ភាសា​ចិនកុកងឺ​ (Mandarin) ​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ)