លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry មានប្រសាសន៍ថា សហរដ្ឋអាមេរិក បានតាំងចិត្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួននៅទ្វីបអាស៊ី។
សេចក្តីអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តី Kerry បានកើតមានឡើងក្នុងអំឡុងពេលនៃការធ្វើសន្ទរកថាមួយកាលពីថ្ងៃពុធនៅមជ្ឈមណ្ឌល East-West Center នៅកោះហាវ៉ៃ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់លោករយៈពេល៨ថ្ងៃនៅមហាសមុទ្រប៉ាស៊ីហ្វិក។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្នើរលោកឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងខាងការទូតទ្វេដងនៅក្នុងតំបន់នេះ។
លោករដ្ឋមន្រ្តីការបរទេស Kerry មានប្រសាសន៍បន្តទៀតថា គន្លឹះនៃការខិតខំទាំងនោះ គឺការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដែលបានសម្តែងកង្វល់ដល់អ្វីដែលហៅថា «នយោបាយងាកទៅរកទ្វីបអាស៊ី។»
លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ឥឡូវនេះរឿងដែលខ្ញុំដឹងនេះនឹងជួយរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ដែលជាទំនាក់ទំនងប្រកបដោយការស្ថាបនារវាងសហរដ្ឋអាមេរិកនិងចិន។ លោកប្រធានាធិបតីអូបាម៉ា បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកស្វាគមន៍ការងើបឡើងរបស់ចិនប្រកបដោយសន្តិភាព ភាពរុងរឿងនិងស្ថេរភាព ដែលក្នុងនោះចិនបានដើរតួនាទីប្រកបដោយការទទួលខុសត្រូវមួយក្នុងតំបន់អាស៊ីនិងពិភពលោកនិងបានគាំទ្រច្បាប់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ។
ចំណុចមួយនៃការមិនចុះសម្រុងគ្នារវាងចិននិងសហរដ្ឋអាមេរិក គឺជម្លោះទឹកដីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយប្រទេសជិតខាងរបស់ខ្លួនក្នុងសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង។
ក្នុងអំឡុងពេលនៃជំនួបរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ក្នុងប្រទេសភូមា ដែលនៅទីនោះលោករដ្ឋមន្រ្តី Kerry ក៏មានវត្តមានដែរនោះ ចិនបានច្រានចោលសំណើររបស់សហរដ្ឋអាមេរិកដើម្បីកាត់បន្ថយការតានតឹងដែលពាក់ព័ន្ធនឹងជម្លោះនោះ។
កាលពីថ្ងៃពុធ លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង បានមានប្រសាសន៍ឡើងវិញថា សហរដ្ឋអាមេរិក មិនចូលដៃជាមួយភាគីណាក្នុងជម្លោះក្នុងនោះទេ ក៏ប៉ុន្តែលោក មានប្រសាសន៍ទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គិតគូរតែថាត្រូវដោះស្រាយដោយរបៀបណាប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីការបរទេស ក៏មានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិក មានការរំខានពីដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ដែលនៅទីនោះ យោធាបានកាន់កាប់អំណាចកាលពីខែឧសភា។ លោកមានប្រសាសន៍បន្តទៀតថា លោក សង្ឃឹមថាចំណាត់ការនេះជាការបណ្តោះអាស័ន្នសម្រាប់ប្រទេសថៃ ដែលលោករដ្ឋមន្រ្តី បានហៅថា ជាមិត្តភ័ក្រនិងសម្ព័ន្ធមិត្តនោះ។
ដំណើរបំពេញទស្សនៈកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេស Kerry ដែលរួមមានការឈប់សំចតក្នុងប្រទេសអូស្រ្តាលី អាហ្វហ្គានីស្ថាន ភូមា និងប្រជុំកោះ Solomon ជាដំណើរបំពេញទស្សនៈកិច្ចលើកទី៦របស់លោកទៅកាន់តំបន់អាស៊ីចាប់តាំងលោក បានក្លាយជារដ្ឋមន្រ្តីការបរទេសមក៕