រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo គ្រោងនឹងប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបញ្ចប់ការលើកលែងការដាក់ទណ្ឌកម្មចំពោះប្រទេសដែលនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់។
លោក Trump បានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុន បន្ទាប់ពីលោកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ មួយ ដែលលើកលែងការដាក់ទណ្ឌកម្មចំពោះប្រទេសអ៊ីរ៉ង់ជាថ្នូរឲ្យអ៊ីរ៉ង់ដាក់កំហិតចំពោះសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។
ការដាក់ទណ្ឌកម្មទាំងនេះមានគោលបំណងដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យផ្លាស់ប្ដូរនូវអ្វីដែលរដ្ឋបាលរបស់លោក Trump ហៅថា «ទង្វើដ៏គ្រោះថ្នាក់» របស់ប្រទេសអ៊ីរ៉ង់ ដែលទង្វើទាំងនោះមានដូចជាការគាំទ្រចំពោះប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងពួកឧទ្ទាម Houthi នៅក្នុងប្រទេសយេមែនជាដើម។
សហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងទណ្ឌកម្មបណ្ដោះអាសន្នដល់ប្រទេសចំនួន ៨ នៅពេលដែលខ្លួនបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់កាលពីខែវិច្ឆិកា ឆ្នាំមុន។ ប្រទេសទាំង ៨ នោះគឺប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តួកគី អ៊ីតាលី ក្រិក និងកោះតៃវ៉ាន់។
ចាប់តាំងពីបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់មក ប្រទេសអ៊ីតាលី ក្រិក និងកោះតៃវ៉ាន់បានឈប់នាំចូលប្រេងពីប្រទេសអ៊ីរ៉ង់។
គេនៅមិនទាន់ច្បាស់ទេនៅមុនការប្រកាសរបស់លោក Pompeo នេះ ថាតើប្រទេសផ្សេងទៀតនឹងតម្រូវឲ្យបញ្ឈប់ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់នៅពេលដែលការលើកលែងទណ្ឌកម្មនេះចប់នៅថ្ងៃទី ២ ខែឧសភាខាងមុខនេះ ឬក៏សហរដ្ឋអាមេរិកទុកពេលវេលាមួយចំនួនទៀតឲ្យប្រទេសទាំងនោះឈប់ទិញប្រេងពីប្រទេសអ៊ីរ៉ង់ មុនពេលដែលការផាកពិន័យចូលជាធរមាន៕