ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបើកឲ្យដំណើរការស្ថានប័នយន្តការហិរញ្ញវត្ថុថ្មីមួយដើម្បបញ្ចប់កិច្ចព្រមព្រៀងអាជីវកម្មមិនប្រើលុយដុល្លារជាមួយប្រទេសអ៊ីរ៉ង់ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ទណ្ឌកម្មពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានដាក់លើរដ្ឋាភិបាលក្រុងតេហេរ៉ង់បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ដែលមានបំណងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ស្ថាប័នហរិញ្ញវត្ថុនេះត្រូវបានចុះបញ្ជីនៅប្រទេសបារាំងដោយមានការគ្រប់គ្រងពីប្រទេសអាល្លឺម៉ង់ និងបានទទួលថវិកាពីប្រទេសទាំងបី។ ស្ថាប័ននេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុននានារបស់សហភាពអ៊ឺរ៉ុបអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់បាន បើទោះបីជាមានទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏ដោយ។
មន្រ្តីសហរដ្ឋអាមេរិកថា ពួកគេបានតាមដានអំពីការវិវត្តនេះ ប៉ុន្តែបានច្រានចោលទស្សនៈដែលយល់ថាយន្តការពិសេសដើម្បីទូទាត់ប្រាក់នេះអាចជៀសផុតពីទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកបានដាក់លើក្រុងតេហេរ៉ង់។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់បាននិយាយថា លោក Trump បានប្រកាសយ៉ាងច្បាស់ថា រាល់ក្រុមហ៊ុនឬស្ថាប័នណាដែលនៅបន្តធ្វើជំនួញជាមួយប្រទេសអ៊ីរ៉ង់ នឹងត្រូវប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែលអាចឈានដល់បាត់បង់សិទ្ធិទទួលបានប្រព័ន្ធហរិញ្ញវត្ថុអាមេរិក និងបាត់បង់ឱកាសធ្វើជំនួញជាមួយនឹងសហរដ្ឋអាមេរិកឬក្រុមហ៊ុននានារបស់អាមេរិក។ យន្តការហរិញ្ញវត្ថុដែលមានឈ្មោះថា INSTEX ដែលជាយន្តការគាំទ្រដល់ការផ្លាស់ប្តូរពាណិជ្ជកម្មបានទទួលការគាំទ្រពីប្រទេសទាំង២៨នៃសមាជិកសហភាពអ៊ឺរ៉ុប។
តំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុបលោកស្រី Federica Mogherini បានថ្លែងថា«ការបង្កើតយន្តការហរិញ្ញវត្ថុនេះគឺជារថយន្តដែលមានគោលបំណងពិសេសមួយ។ហើយខ្ញុំជឿជាក់ថាយន្តការនេះនឹងអនុញ្ញាតឲ្យមានពាណិជ្ជកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់បាន ដើម្បីឲ្យយើងអាចបន្តពិនិត្យមើលនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យើងគាំទ្រយ៉ាងខ្លាំងចំពោះយន្តការថ្មីនេះ»៕