អាមេរិក​នឹង​ដាក់​ចិន​ក្នុង​បញ្ជី​ប្រទេស​ដែល​ជួញ​ដូរ​មនុស្ស​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក

រូបឯកសារ៖ លោក​ Xi Jinping (ឆ្វេង) ប្រធានាធិបតី​ចិន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថត​រូប​ជាមួយ​គ្នា​មុន​ពេល​ពិសារ​​អាហារ​​ពេល​ល្ងាចនៅ​ Mar-a-Lago ទីក្រុង Palm Beach រដ្ឋ Florida។

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ប្រកាស​ដាក់​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជួញដូរ​មនុស្ស​និង​បង្ខំ​កម្លាំង​ពលកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក ដែលការ​ប្រកាស​នេះ​នឹង​ធ្វើ​ឲ្យ​ចិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​អាមេរិក​បាន​ដាក់​ក្នុង​បញ្ជី​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​ កូរ៉េខាងជើង ​និង​ស៊ីរី។

ការ​ដាក់​ចិន​ចូល​ក្នុង​បញ្ជី​នេះ​ ត្រូវ​បានគេ​រំពឹង​ថា​នឹង​ប្រកាស​ដោយ​លោក​ Rex Tillerson រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ការ​ប្រកាស​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​តាន​តឹង​ដែល​មាន​ស្រាប់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ព្យាយាម​ដាក់​លោក​ប្រធានាធិបតី​ចិន​ Xi Jinping ទៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការ​បង្រ្កាប​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ​

កាល​ពី​សប្តាហ៍​មុន លោក ត្រាំ​ បាន​និយាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម ​Twitter ​ខណៈ​ដែល​លោក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដោយ​លោក​ថា​ «វា​នៅ​មិន​ទាន់​ដំណើរការ​បាន​នៅ​ឡើយ​ទេ‍»។

គេ​នៅ​មិន​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ ថា​អ្វី​ដែល​បណ្តាល​ឲ្យ​លោក ​Tillerson ​បន្ទាប​តម្លៃ​ប្រទេស​ចិន​នៅ​ក្នុង​ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​នេះ៕