លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងសម្រេចនៅសប្តាហ៍នេះ អំពីផែនការបញ្ជូនអ្នកហ្វឹកហាត់កងទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់ នេះតាមការបញ្ជាក់របស់ក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ នៅពេលដែលក្រសួងការពារប្រទេសបន្តការស្វះស្វែងរបស់ខ្លួន ដើម្បីគាំទ្រកងទ័ពអ៊ីរ៉ាក់នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
ផែនការថ្មីបន្ថែមបុគ្គលិកកងទ័ពរហូតដល់៥០០នាក់ នឹងចូលជាមួយអ្នកហ្វឹកហាត់និងទីប្រឹក្សាចំនួន៣០០០នាក់ ដែលលោកប្រធានាធិបតីអូបាម៉ាបានអនុញ្ញាតិកាលពីឆ្នាំទៅ បន្ទាប់ពីក្រុមជនសកម្មប្រយុទ្ធបានកាន់កាប់ផ្នែកដ៏ធំភាគខាងជើងនិងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ នៅក្នុងការវាយប្រហារមួយដែលបានធ្វើឲ្យទាហានអ៊ីរ៉ាក់ទទួលបរាជ័យ។
ក្រុមមន្រ្តីនិយាយថា ផែនការនោះក៏នឹងរួមបញ្ចូលការបង្កើតទីតាំងហ្វឹកហាត់ថ្មីមួយកន្លែងនៅក្នុងខេត្ត Anbar ហើយនិងផ្តល់ការគាំទ្រកាន់តែធំឡើងដល់ក្រុមអ្នកប្រយុទ្ធនិកាយស៊ុននី ដែលត្រូវបានគេមើលឃើញថាជាការសំខាន់នៅក្នុងការខំប្រឹងប្រែង ដើម្បីដណ្តើមយកខេត្ត Anbar មកវិញ។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលគាំទ្រដោយក្រុមកងជីវពលបានព្យាយាមដណ្តើមតំបន់នៅជិតទីក្រុងរ៉ាម៉ាឌីមកវិញ ចាប់តាំងពីទីក្រុងនោះបានធ្លាក់ចូលកណ្តាប់ដៃក្រុមជនសកម្មប្រយុទ្ធកាលពីខែមុន។
លោកAlistair Baskeyអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិមិនបានផ្តល់សេចក្តីលម្អិតកាលពីថ្ងៃអង្គារ អំពីការដាក់ពង្រាយកងទ័ពនោះទេ ដោយនិយាយថា សេតវិមានកំពុងពិចារណាពីជម្រើសផ្សេងៗទៀត។
លោក Baskeyនិយាយបន្តទៀតថា «ជម្រើសទាំងនោះ រួមមានការបញ្ជូនអ្នកហ្វឹកហាត់បន្ថែមទៅកាន់ប្រទេសអ៊ីរ៉ាក់ផង»៕