អង្គការរបស់អាមេរិកាំងចំនួនពីរដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានសម្តែងការខកចិត្តនឹងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាក្រោយពីការវិនិយោគជាង២ទសវត្សរ៍និងបានលើកទឹកចិត្តយុវជនឲ្យចូលរួមធ្វើសកម្មភាពសង្គម។
ថ្លែងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រជាធិបតេយ្យកាលពីថ្ងៃពុធដែលរៀបចំតាមអនឡាញដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)របស់សហរដ្ឋអាមេរិកលោក Derek Mitchell បានថ្លែងថាបណ្តាប្រទេសមួយចំនួននៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានដើរថយក្រោយក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលក្នុងនោះមានកម្ពុជាភូមានិងថៃជាដើម។ប៉ុន្តែរូបភាពវិជ្ជមាននោះគឺពលរដ្ឋជាច្រើនជាពិសេសក្រុមយុវជនបានយល់ពីសិទ្ធិសេរីភាពជាមូលដ្ឋាននិងបានចេញមកតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាពនិងសេចក្តីថ្លែថ្នូរ។
វិទ្យាស្ថាន NDI ជាអង្គការក្រៅរដ្ឋាភិបាលដែលមិនរកប្រាក់ចំណេញនិងមិនប្រកាន់គណបក្ស ដែលមានទីស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ វិទ្យាស្ថាននេះធ្វើការនៅជុំវិញពិភពលោកក្នុងការលើកស្ទួយនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ NDI បានធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានបណ្តេញបុគ្គលិកអន្តរជាតិរបស់វិទ្យាស្ថាននេះចេញពីប្រទេសកម្ពុជានៅខែសីហាឆ្នាំ២០១៧។
លោក Derek Mitchell ចាត់ទុកថាការបណ្តេញអង្គការនេះចេញមិនឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាគឺជារឿង«គួរឲ្យខកចិត្តខ្លាំងណាស់»។ លោក Mitchell ដែលធ្លាប់ធ្វើការនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៤ចាត់ទុកថាពេលនោះគឺជា«ពេលវេលាប្រកបដោយក្តីសង្ឃឹម»។
លោក Derek Mitchell បានបញ្ជាក់បន្ថែមថា៖ «យើងដឹងថាពេលនោះគឺជាពេលវេលាលំបាកដោយសារសោកនាដកម្មនៃប្រវត្តិសាស្រ្តកម្ពុជាដែលប្រទេសកម្ពុជាទើបតែចាកចេញប៉ុន្តែពិតជាមានឋាមពលនិងការរំភើបនិងភាពបន្ទាន់ដើម្បីរិះរកវិធីរៀបចំសង្គមមួយដែលនឹងនាំឲ្យមានស្ថិរភាពជាងមុននិងមិនវិលត្រឡប់ទៅរកអំពើហិង្សានិងសោកនាដកម្មនិងអំពើពុករលួយហើយព្យាយាមបង្កឱកាសឲ្យមនុស្សជំនាន់ថ្មីចាប់ផ្តើមជាថ្មី»។
ការបណ្តេញអង្គការ NDI ចេញត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃយុទ្ធនាការមួយប្រឆាំងនឹងសារព័ត៌មានឯករាជ្យអ្នកនយោបាយប្រឆាំងនិងសង្គមស៊ីវិល ហើយវាកើតមានឡើងនៅមុនពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨ដែលជាការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតគ្នារវាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ។
រីឯវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ (IRI) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមិនរកប្រាក់ចំណេញនិងមិនប្រកាន់គណបក្ស ដែលមានទីស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកដែរនោះក៏បានសម្តែងការខកចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោក Daniel Twining ប្រធាន IRI បានថ្លែងបន្ថែមក្នុងវេទិកាអនឡាញដែរថា៖«ខ្ញុំសោកស្តាយដែលរដ្ឋាភិបាលមិនមានអារម្មណ៍ស្វាគមន៍ពួកយើងនៅទីនោះ។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលបន្តិចដោយសារយើងក៏ធ្វើការនៅឡាវ។ យើងក៏ធ្វើការជាមួយនឹងគណបក្សកុម្មុយនីស្តវៀតណាម។ ការណ៍នេះមិនមែនមានន័យថា NDI ឬIRIធ្វើការតែក្នុងសង្គមដែលខុសពីកម្ពុជាទេ។ តាមពិតទៅយើងធ្វើការនៅក្នុងសង្គមជាច្រើនដែលស្រដៀងនឹងកម្ពុជាដែរ»។
វិទ្យាស្ថានIRIបានចាប់ផ្តើមការងារនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ដោយធ្វើការជាមួយរដ្ឋាភិបាលនឹងគណបក្សនយោបាយផ្សេងៗនិងអង្គការសង្គមស៊ីវិលដើម្បីពង្រឹងស្ថាប័ននិងគុណតម្លៃប្រជាធិបតេយ្យប៉ុន្តែបានបញ្ចប់បេសកកម្មនៅមុនពេលដែលមានវិបត្តិនយោបាយនៅប្រទេសកម្ពុជាដែលកើតមានតាំងពីការរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧។
ទោះបីជាយ៉ាងនេះក៏ដោយលោក Derek Mitchell បានបញ្ជាក់ថាវិទ្យាស្ថាន NDI រង់ចាំវិលត្រឡប់ទៅធ្វើការនៅប្រទេសកម្ពុជានៅពេលណាដែលអាចវិលវិញបានប៉ុន្តែមានក្តីសង្ឃឹមតិចតួចដោយសារអង្គការនេះនឹងមិនធ្វើការនៅក្រោមស្ថានភាពដែលមានការដាក់សម្ពាធទេ។
លោក Mitchell បានបន្ថែមថា៖«យើងធ្វើការតែនៅកន្លែងណាដែលត្រូវគេស្វាគមន៍តែប៉ុណ្ណោះ។ យើងមិនទៅធ្វើការដែលលាក់លៀមទេ។ យើងនឹងមិនទៅធ្វើការនៅក្នុងប្រទេសណាមួយដោយរបៀបវិទ្ធង្សនាទេ។ យើងបើកចំហដល់ប្រទេសណាដែលចង់ដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ»។
យ៉ាងណាក៏ដោយអ្នកជំនាញទាំងពីរបានសម្តែងក្តីសង្ឃឹមលើពលរដ្ឋវ័យក្មេងនៅក្នុងប្រទេសកម្ពុជាដោយសារពួកគេមានឋាមពលនិងបានលើកទឹកចិត្តពួកគេឲ្យបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានដើម្បីចូលរួមសកម្មភាពនយោបាយនិងសង្គម។
លោក Twining បានបញ្ជូនសារដល់យុវជនថា៖ «ដូច្នេះសូមសកម្មឡើងដោយចូលរួមការងារសង្គមនិងប្រមូលមិត្តភក្តិនិងរៀបចំគ្នាឡើង។ ការរៀបចំចាត់តាំងគឺជារឿងសំខាន់ណាស់ពីព្រោះធ្វើកិច្ចការអ្វីតែម្នាក់ឯងគឺពិបាកប៉ុន្តែនៅពេលដែលអ្នកអាចធ្វើការងារជាក្រុមជាផ្នែកមួយនៃសហគមន៍គឺអ្នកផ្តល់ភាពអង់អាចដល់ខ្លួនអ្នកនិងមិត្តភក្តិហើយនៅក្នុងប្រទេសមួយដែលពលរដ្ឋ២ភាគ៣គឺជាយុវជនគឺអ្នកនយោបាយនឹងស្តាប់អ្នកនិងឆ្លើយតបតាមការអំពាវនាវរបស់អ្នកនិងសកម្មភាពរបស់អ្នក»។
លោក Derek Mitchell បានបន្ថែមថា៖ «ការងារដ៏សំខាន់បំផុតក្នុងសង្គមប្រជាធិបតេយ្យគឺមិនមែនប្រធានាធិបតីឬអ្នកនយោបាយទេ គឺប្រជាធិបតេយ្យរបស់ពលរដ្ឋជាមូលដ្ឋានដែលកើតឡើងពីក្រោមឡើងទៅលើ... ហើយខ្ញុំសូមលើកទឹកចិត្តអ្នកគ្រប់គ្នាដែលចង់ជឿជាក់លើលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឬនៅទីកន្លែងណាក៏ដោយគឺពួកគេគួរតែចាប់ផ្តើមពីថ្នាក់មូលដ្ឋាន»៕