លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានសរសើរបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់នៅក្នុងការប្រជុំគ្រាមានអាសន្នមួយនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ចំណែកឯប្រទេសរុស្សីវិញបានរិះគន់ស.រ.អា.អំពីអ្វីដែលខ្លួនហៅថាប្រទេសអាមេរិកកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ីរ៉ង់។
ស.រ.អា.បានអំពាវនាវឱ្យមានការប្រជុំគ្រាមានអាសន្ននៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានបណ្តាលឱ្យមនុស្ស២២នាក់ស្លាប់ហើយនាំឱ្យមានការចាប់ខ្លួនមនុស្សជាង១ពាន់នាក់ថែមទៀត។
មានការធ្វើបាតុកម្មប្រជែងគ្នារវាងពួកអ្នកគាំទ្រនិងពួកអ្នកប្រឆាំងនឹងរដ្ឋាភិបាលបានកើតមានឡើងនៅក្នុងក្រុងធំៗនៃប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុននេះ។
លោកស្រី Haley បាននិយាយទៅកាន់ប្រទេសអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រីក្នុងការប្រជុំកាលពីថ្ងៃសុក្រថា«ស.រ.អា.កំពុងក្រឡេកមើលអ្វីដែលអ្នកធ្វើ»។ លោកស្រីបានហៅការធ្វើបាតុកម្មទាំងនេះថាជា «ការសម្តែងដោយឯកឯងអំពីសិទ្ធិមនុស្សជាមូលដ្ឋាន» ហើយជា «ការបង្ហាញដ៏ខ្លាំងក្លាអំពីសេចក្តីក្លាហាននៃប្រជារាស្ត្រដែលធុញទ្រាន់ជាមួយរដ្ឋាភិបាលសង្កត់សង្កិនរបស់ពួកគេថាពួកគេហ៊ានប្រថុយជីវិតនៅក្នុងការធ្វើបាតុកម្មទាំងនេះ»។
លោកស្រី Haley បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ង់ឱ្យឈប់ត្រួតពិនិត្យសំឡេងរបស់ប្រជារាស្ត្រអ៊ីរ៉ង់ហើយធ្វើឱ្យពួកគេអាចប្រើបណ្តាញ Internet បានវិញផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូតស.រ.អា.ក៏បានថ្លែងដែរថាសហគមន៍អន្តរជាតិគួរចាត់វិធានការថែមទៀតដើម្បីគាំទ្រពួកបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីស.រ.អា. Donald Trump ក៏បាន tweet ការទ្រទ្រង់របស់លោកដល់ក្រុមបាតុករទាំងនេះដែរ៕