អង្គការពាណិជ្ជកម្មពិភពលោក ឬ WTO បញ្ជាក់កាលពីថ្ងៃអង្គារថា ការកំណត់យកពន្ធអាករលើទំនិញរបស់ចិន ដែលមានទឹកប្រាក់សរុបប្រមាណ២០០ពាន់ លានដុល្លារអាមេរិក ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នោះ ជារឿងខុសច្បាប់។
នេះជាលើកទីមួយហើយ ដែលអង្គការពាណិជ្ជកម្មពិភពលោកដែលមានទីស្នាក់ការធំក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានធ្វើសេចក្តីសម្រេចចិត្តប្រឆាំងចំពោះរដ្ឋបាលលោក Trump ដែលបានកំណត់យកពន្ធអាករ លើទំនិញនិងផលិតផលនាំចូលអាមេរិក ពីប្រទេសមួយចំនួន ដែលរួមមានបណ្តាប្រទេសសម្ព័ន្ធមិត្ត និងគូសត្រូវរបស់អាមេរិកផងដែរ។
ការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO នេះ អាចធ្វើឲ្យប្រទេសចិនសងសឹកវិញ ដោយកំណត់យកពន្ធលើផលិតផលនិងទំនិញរបស់អាមេរិក។ ហើយសហរដ្ឋអាមេរិកអាចធ្វើការប្តឹងទាស់នៅក្នុងរឿងនេះ តែទោះជាយ៉ាងណា ដំណើរការប្តឹងទាស់នោះ ត្រូវបានរាំងខ្ទប់ដោយការបដិសេធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមិនអនុញ្ញាតឲ្យមានវត្តមានសមាជិកថ្មីនៅក្នុងក្រុមប្រឹក្សាឧទ្ធរណ៍ WTO នោះ។
ក្រសួងពាណិជកម្មចិននិយាយថា ការសម្រេចចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក មានលក្ខណៈមិនលម្អៀងនិងយុត្តិធម៌ ហើយអំពាវនាវឲ្យអាមេរិកគោរពនូវសេចក្តីសម្រេចនេះ៕