កាលពីដើមខែកក្កដា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធា បុគ្គល និងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ដែលជាចំណាត់ការចុងក្រោយបង្អស់ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នៅមីយ៉ាន់ម៉ា។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាផ្លូវការលើមន្រ្តីយោធាជាន់ខ្ពស់ចំនួន ៧រូប ចំពោះការប្រើប្រាស់អំពើហិង្សាដ៏ប្រល័យពីសំណាក់រដ្ឋាភិបាលយោធាមកលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្រសួងនេះក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៥នាក់ ដែលជាសមាជិកគ្រួសាររបស់មន្រ្តីយោធាដែលរងការដាក់ទណ្ឌកម្មកាលពីគ្រាមុនមក និងដែលមាន «បណ្តាញហិរញ្ញវត្ថុរួមចំណែកផ្តល់ជា«លាភសក្ការៈ»ដល់ក្រុមមន្រ្តីយោធា»។
សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចុះកាលពីថ្ងៃទី០២ ខែកក្កដា បានសង្កត់ធ្ងន់ថា ទណ្ឌកម្មទាំងនេះមិនមែនសំដៅទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ានោះទេ ហើយមានគោលដៅដាក់បន្ទុកផ្នែកហិរញ្ញវត្ថុបន្ថែមលើយោធាមីយ៉ាន់ម៉ាតាមរយៈការកាត់ផ្តាច់បុគ្គលចំនួន ២២នាក់ ពីទ្រព្យណាមួយដែលពួកគេមាននៅសហរដ្ឋអាមេរិក។
នៅក្នុងចំណាត់ការបន្ថែមពីនេះទៀត ក្រសួងពាណិជ្ជកម្មអាមេរិកក៏បានរឹតត្បិតការនាំចេញរបស់ក្រុមហ៊ុនចំនួនបួន ដែលខ្លួននិយាយថា គាំទ្រសកម្មភាពដែលកំពុងប្រព្រឹត្តឡើងដោយយោធា។
ក្រសួងពាណិជ្ជកម្មអាមេរិកបានកំណត់មុខសញ្ញាក្រុមហ៊ុនដូចជា ក្រុមហ៊ុន King Royal Technologies Co., Ltd ដែល«ផ្តល់សេវាកម្មផ្កាយរណបទូរគមនាគមន៍» ទៅឲ្យយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនជីករ៉ែទង់ដែងចំនួនបី ដូចជា ក្រុមហ៊ុន Wanbao Mining និងក្រុមហ៊ុនដៃគូពីរផ្សេងទៀតរបស់ក្រុមហ៊ុននេះរួមមាន ក្រុមហ៊ុន Myanmar Wanbao Mining Copper, Ltd. និងក្រុមហ៊ុន Myanmar Yang Tse Copper, Ltd. ដែលមានទំនាក់ទំនងហិរញ្ញវត្ថុជាមួយនឹងរបបដឹកនាំនៅមីយ៉ាន់ម៉ា។
ក្រុមហ៊ុនទាំងបួននេះត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្ម ដែលរឹតត្បិតការនាំចេញទៅកាន់សហរដ្ឋអាមេរិកចំពោះក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជី ដោយមានករណីលើកលែងខ្លះ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី២ ខែកក្កដាថា៖ «យើងបន្តជំរុញសម្ព័ន្ធមិត្ត និងដៃគូ ដែលមានចិត្តគំនិតដូចយើង ឲ្យចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាំងបួននេះ និងបង្រ្កាបប្រភពចំណូលដទៃទៀត ដែលគាំទ្រសកម្មភាពរឹតត្បិត និងមិនមានលក្ខណៈប្រជាធិបតេយ្យរបស់យោធាមីយ៉ាន់ម៉ា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជំរុញឲ្យពួកជនប្រព្រឹត្តទង្វើរដ្ឋប្រហារទទួលខុសត្រូវ និងឈរជាមួយនឹងពលរដ្ឋមីយ៉ាន់ម៉ា និងស្ថាប័នប្រជាធិបតេយ្យរបស់ពួកគេ»។
ការបង្កើនការរឹតត្បិតបន្ថែមត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គការសហប្រជាជាតិបានបញ្ចេញរបាយការណ៍ចុងក្រោយបង្អស់អំពីអំពើហិង្សាដែលបន្តកើតមានប្រឆាំងនឹងពលរដ្ឋនៅមីយ៉ាន់ម៉ា។
យោងទៅតាមរបាយការណ៍ យោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៨៣នាក់ និងបានឃុំខ្លួនសកម្មជន អ្នកសារព័ត៌មាន និងអ្នកប្រឆាំងនឹងរដ្ឋប្រហារជាង ៥.២០០នាក់។ ហើយមនុស្សជាង ២.០០០នាក់ទៀត ដែលកំពុងប្រឈមនឹងដីកាចាប់ខ្លួន កំពុងលាក់ខ្លួន។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stéphane Dujarric បាននិយាយថា៖ «ក្រុមការងារអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ាបន្តថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដ៏ប្រល័យ និងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត។ សហការីរបស់យើងបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងខ្លាំងក្លាដោយកងកម្លាំងសន្តិសុខ រួមមាន ការប្រើប្រាស់គ្រាប់ពិត ត្រូវតែឈប់ ហើយត្រូវតែឈប់នៅពេលនេះ»។
យោធាមីយ៉ាន់ម៉ាបានទម្លាក់រដ្ឋាភិបាលជ្រើសតាំងពីការបោះឆ្នោតគឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យកាលពីខែកុម្ភៈពាក់ព័ន្ធនឹងការអះអាងថា លទ្ធផលនៃការបោះឆ្នោតគឺត្រូវបានក្លែងបន្លំ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាបានច្រានចោលការអះអាងរបស់ក្រុមយោធាពីការក្លែងបន្លំការបោះឆ្នោត។
ទោះបីជាមិនមានភស្តុតាង យោធាបានចូលក្តោបក្តាប់រដ្ឋាភិបាលតាមរយៈការអនុវត្តមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ របស់មីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យយោធាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។
អំឡុងពេលរដ្ឋប្រហារ យោធាបានចាប់ខ្លួនលោកស្រី Aung San Suu Kyi មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងជាអ្នកជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ សម្រាប់កិច្ចប្រឹងប្រែងរបស់លោកស្រីដើម្បីធ្វើឲ្យមីយ៉ាន់ម៉ាក្លាយជាប្រទេសប្រជាធិបតេយ្យ។
កាលពីខែមិថុនា បណ្តាប្រទេសសមាជិកអ.ស.បចំនួន ១១៩ រួមទាំងសហរដ្ឋអាមេរិក បានថ្កោលទោសជាផ្លូវការទៅលើការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។)
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា