សហរដ្ឋអាមេរិកថា ការព្យាយាមធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជាការវាយប្រហារលើស្ថិរភាព និងអធិបតេយ្យភាពរបស់រដ្ឋអ៊ីរ៉ាក់» ហើយបានទទួលស្គាល់ថា លក្ខណៈនៃការវាយប្រហារនោះ ទំនងជាទាក់ទងនឹងក្រុមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានរួចជីវិតពីការវាយប្រហារកាលពីថ្ងៃអាទិត្យដោយយន្តហោះដ្រូនបំពាក់អាវុធ ហើយក្រុមមន្ត្រីសន្តិសុខរបស់អ៊ីរ៉ាក់ថា លោករងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយលោកបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់។
លោកនាយករដ្ឋមន្ត្រី al-Kadhimi បានថ្លែងតាមទូរទស្សន៍អ៊ីរ៉ាក់ថា «ការវាយប្រហារដ៏កំសាកតាមយន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតមិនជួយកសាងប្រទេស និងអនាគតទេ»។ ការវាយប្រហារនេះក៏ត្រូវបានថ្កោលទោសភ្លាមៗពីប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក បានគាំទ្រការថ្កោលទោសដោយប្រធានាធិបតីអាមេរិកប្រឆាំងការព្យាយាមធ្វើឃាតនោះ ហើយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ទំនងមិនមែនជាគោលដៅតែមួយគត់របស់ការវាយប្រហារនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់ក្រុមសារព័ត៌មានថា «យើងជឿជាក់ថា នេះមិនមែនគ្រាន់តែជាការវាយប្រហារតែនាយករដ្ឋមន្ត្រីតែម្នាក់ទេ ប៉ុន្តែជាការវាយប្រហារទៅលើស្ថិរភាព និងអធិបតេយ្យភាពអ៊ីរ៉ាក់ទាំងមូល»។
នៅពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវការវាយប្រហារនោះទេ ប៉ុន្តែប្រភពសន្តិសុខប្រទេសអ៊ីរ៉ាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការវាយប្រហារនោះទំនងជាធ្វើឡើងដោយក្រុមកងជីវពលយ៉ាងតិចមួយដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
មន្ត្រីដែលមិនបញ្ជេញឈ្មោះបានឲ្យដឹងថា ការស៊ើបអង្កេតជំហានដំបូងបានកំណត់ថា យន្តហោះដ្រូន និងគ្រឿងផ្ទុះប្រើក្នុងការវាយប្រហារនោះ ផលិតក្នុងប្រទេសអ៊ីរ៉ង់។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានប្រាប់សន្និសីទព័ត៌មានក្នុងរដ្ឋធានីតេហេរ៉ង់ថា «គ្រប់គ្នាត្រូវតែជួយវែកមុខអ្នកប្រព្រឹត្ត និងអ្នករៀបចំការវាយប្រហារនេះ៕
អ្នកនាង Nike Ching នៃវីអូអេ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។