សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ ​​ធ្វើ​ការ​ចរចា​សន្តិភាព​ដ៏​សំខាន់​បំផុត​មួយ

រូបភាឯកសារ៖ មេដឹកក្រុម​នយោបាយ​តាលីបង់ ជាច្រើន​ជួប​ប្រជុំ​គ្នា​និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​មុន​នឹង​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ ​កំពុង​ចាប់​ផ្តើម​ការ​ចរចា​សន្តិភាព​លើ​ក​ទី៨​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​រដ្ឋ​ធានីដូហា​នៃ​ប្រទេស​កាតា។

ក្រុម​មន្រ្តី ​និយាយថា ​ការ​ពិភាក្សា​នេះ ​មាន​សារៈ​សំខាន់​បំផុត​នៅ​ក្នុងការ​ចរចា​សន្តិ​ភាព​ដែល​ត្រូវបានធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈ​ពេល​១៨​ឆ្នាំ​នៅ​ក្នុងប្រ​ទេស​អាហ្វហ្គានីស្ថាន។

​នៅ​ដើម​សប្តាហ៍​នេះ ​លោក​ Suhail Shaheen ​ដែល​បាន​ថ្លែង​ឲ្យ​ក្រុម​តាលីបង់ ​បាន​ប្រាប់ VOA ថា ​ភាគីទាំង​២ ​បាន​ខិត​ខំ​ធ្វើ​ការអស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ស្ទើរតែ​បញ្ចប់​ពង្រាងអត្ថបទ​កិច្ច​ព្រម​ព្រៀង​ដែល​យើង ​បាន​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ។

លោក Shaheen និយាយ​ថា អត្ថបទ​ពង្រាង​នោះ ​បាន​សង្កត់​លើ​ការ​ព្រម​ព្រៀងទាំង​សង​ខាង​នូវគម្រោង​ពេល​វេលា​សម្រាប់​កងទ័ព​សហរដ្ឋ​អាមេរិក​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ការ​ដោះដូរនឹងការ​ធានារបស់​ក្រុម​តាលីបង់​ថា ​ទឹកដី​អាហ្វហ្គានីស្ថាន ​ជា​ពិសេស​តំបន់​នានា​នៅ​ក្រោម​ការត្រួតត្រា​របស់​តាលី​បង់ ​នឹងមិន​ក្លាយជាទី​កន្លែង​ភេរវកម្ម។

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ ​អង្គការ​សហប្រជាជាតិ​បាន​រាយ​ការណ៍ពី​ចំនួន​ស្លាប់​ដ៏​ច្រើន​របស់​ជន​ស៊ីវិល​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ខែ​កក្កដា។ អង្គការសហប្រជាជាតិ ​បាន​ប្រាប់​ឲ្យ​ដឹងថា ជន​ស៊ីវិល​ជាង​១ពាន់​៥រយ​នាក់​ បាន​ស្លាប់​និង​រងរបួស ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​សម្រាប់​រយៈ​ពេល​មួយ​ខែ​ចាប់​តាំង​ពី​ខែឧសភា ​ឆ្នាំ​២០១៧​មក។ ការស្លាប់​និង​របួស​ជន​ស៊ី​វិល​ជាង​៥០​ភាគរយ ​បណ្តាល​មក​ពីគ្រឿងផ្ទុះ។

លោក Tadamichi Yamamoto តំណាង​ពិសេស​របស់​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​មាន​ប្រសាសន៍​ថា៖ «នៅពេល​ដែល​ការ​ខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​មានការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ច្រើន​ឡើង»៕