ប្រធានផ្នែកសុខាភិបាលសហរដ្ឋអាមេរិកលោក Jerome Adams បានបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំងកុំពាក់ម៉ាស់ដើម្បីការពារពីការឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19។
លោក Adams បានបញ្ជាក់នៅក្នុងកម្មវិធី «Fox & Friends» នៃទូរទស្សន៍ Fox News ថា៖ «ហានិភ័យសម្រាប់ពលរដ្ឋអាមេរិកាំងនៅក្នុងការឆ្លងមេរោគនេះ គឺនៅទាបនៅឡើយ។ ពលរដ្ឋអាចប្រើវិធីផ្សេងទៀតដើម្បីការពារកុំឲ្យឆ្លងមេរោគនេះ។ ហើយមានរឿងផ្សេងទៀតដែលពួកគេមិនគួរធ្វើ ដែលក្នុងនោះគឺការចេញទៅទិញម៉ាស់ការពារជាដើម»។
លោកបាននិយាយថា៖ «ការពាក់ម៉ាស់មិនបានជួយអ្វីទេ។ មិនមានភស្តុតាងណាមួយបញ្ជាក់ថា ការពាក់ម៉ាស់អាចមានប្រសិទ្ធភាពនៅក្នុងការការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មីក្នុងចំណោមសាធារណជននោះទេ។ ហើយតាមពិត អ្នកដែលចង់ទិញម៉ាស់ មិនប្រាកដថាចេះពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនោះឡើយ»។
លោក Adams បានបញ្ជាក់ថា អ្នកដែលមិនដឹងពីវិធីពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ អាចប៉ះពាល់មុខមាត់របស់ខ្លួន ហើយការធ្វើដូច្នេះគឺអាចបង្កើនការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសថ្មីនេះ។
លោកបានបន្តទៀតថា៖ «ពលរដ្ឋអាមេរិកាំងមានការភ័យខ្លាចនៅពេលដែលពួកគេគិតថាពួកគេមិនដឹងធ្វើយ៉ាងម៉េច»។
លោកបានបន្ថែមដូច្នេះថា៖ «ខ្ញុំចង់ឲ្យពលរដ្ឋអាមេរិកាំងយល់ថា មានវិធីផ្សេងទៀតដែលយើងអាចការពារខ្លួនបាន។ យើងអាចឧស្សាហ៍លាងដៃក្នុងម្តងពី ១៥ ទៅ ២០ វិនាទី។ យើងអាចខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ ក៏ដូចជាមានការប្រុងប្រយ័ត្ន ហើយនិងស្នាក់នៅក្នុងផ្ទះនៅពេលឈឺ ឬក៏នៅឲ្យឆ្ងាយពីអ្នកដែលឈឺ ដែលនេះគឺជាវិធីសំខាន់បំផុតដើម្បីការពារពីមេរោគកូរ៉ូណាថ្មីនេះបាន»។
លោក Adams បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងប្រហែល ១ ម៉ឺន ៨ ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺផ្ដាសាយធំ បើប្រៀបជាមួយនឹងចំនួនអ្នកស្លាប់ពីរនាក់ដោយសារមេរោគកូរ៉ូណាវីរុសថ្មីនេះនៅក្នុងសហរដ្ឋអាមេរិក។
លោកបានលើកឡើងថា លោកជឿថា មនុស្សជាច្រើនបន្ថែមទៀតនឹងស្លាប់ដោយសារជំងឺផ្ដាសាយធំជាជាងដោយសារមេរោគកូរ៉ូណាថ្មីនេះនៅទូទាំងពិភពលោក មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។
លោក Adams បានបន្ថែមថា ភាគច្រើននៃអ្នកឆ្លងមេរោគកូរ៉ូណានេះមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ដូច្នេះពួកគេអាចសម្រាកនៅផ្ទះប៉ុន្មានថ្ងៃ ពួកគេអាចធូរស្រាលឡើងវិញ។
លោកបានបន្ថែមបញ្ចប់ថា៖ «នេះជាពេលវេលាដែលត្រូវប្រយ័ត្នប្រយែង មិនមែនត្រូវភ័យស្លន់ស្លោរនោះទេ»៕
ប្រែសម្រួលដោយ ភី សុភាដា