បណ្ដាប្រទេសជាច្រើនកំពុងប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19 ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅលើពិភពលោកកើនលើស ៣ ពាន់នាក់ ដែលក្នុងនោះមានពីរករណីកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានការឆ្លងថ្មីប្រហែល ៦០០ ករណីទៀតនៅថ្ងៃចន្ទនេះ ហើយមេដឹកនាំនៃក្រុមសាសនាមួយក្រុមដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលខ្លាំងនៃមេរោគនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការសុំទោស។ មន្ត្រីរដ្ឋាភិបាលបានស្នើឲ្យរដ្ឋអាជ្ញាពិចារណាចោទប្រកាន់ថ្នាក់ដឹកនាំនៃក្រុមសាសនានោះពីបទមនុស្សឃាត ដោយសារតែមិនបានសហការជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការបញ្ឈប់ការឆ្លងរាលដាលនៃមេរោគនេះ។
ចំណែកឯនៅក្នុងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Donald Trump គ្រោងនឹងជួបជាមួយនឹងលោកអនុប្រធានាធិបតី Mike Pence នៅថ្ងៃចន្ទនេះ។ លោក Mike Pence រួមទាំងថ្នាក់ដឹកនាំខាងឱសថសាស្ត្រ គឺជាអ្នកដឹកនាំយុទ្ធនាការរបស់រដ្ឋបាលលោក Trump នៅក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃមេរោគនេះ។
សហរដ្ឋអាមេរិកមានករណីឆ្លងមេរោគនេះប្រហែល ៨០ ករណី ដែលក្នុងនោះមានអ្នកស្លាប់ពីរនាក់នៅក្នុងរដ្ឋ Washington។ មន្ត្រីសុខាភិបាលបាននិយាយថា មេរោគនេះប្រហែលជាបានឆ្លងរាលដាលដោយមិនដឹងខ្លួននៅតាមសហគមន៍រស់នៅអស់រយៈពេលរាប់សប្ដាហ៍មកហើយ។
នៅថ្ងៃចន្ទនេះផងដែរ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថាមានការឆ្លងមេរោគនេះចំនួនពីរករណីនៅក្នុងប្រទេស ដោយមន្ត្រីសុខាភិបាលថា អ្នកឆ្លងទាំងពីរនាក់នេះមានទំនាក់ទំនងជាមួយនឹងជនជាតិជប៉ុនម្នាក់ដែលឆ្លងមេរោគនេះ។
កន្លងមក ប្រទេសយ៉ាងតិច ៦០ បានបញ្ជាក់ថាមានករណីឆ្លងមេរោគនេះ ដោយមេរោគនេះបានឆ្លងដល់មនុស្សជាង ៨៩.០០០ នាក់ តាំងពីវាបានផ្ទុះឡើងដំបូងនៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូឆ្នាំមុនមក។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ភាគច្រើននៃអ្នកជំងឺដែលឆ្លងមេរោគនេះគឺជាមនុស្សពេញវ័យ ដោយមានរោគសញ្ញាដូចជាគ្រុន ក្អកស្ងួត និងពិបាកដកដង្ហើម។
អង្គការសុខភាពពិភពលោកបានលើកឡើងថា អ្នកឆ្លងមេរោគនេះប្រហែល ៨០% មានរោគសញ្ញាស្រាល ១៤% មានរោគសញ្ញាធ្ងន់ធ្ងរ និង ៥% នៃអ្នកដែលឆ្លងមេរោគនេះ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំង។ អង្គការនេះបានបន្ថែមថា អ្នកដែលមានអាការៈជំងឺធ្ងន់ធ្ងរខ្លាំងគឺជាអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ និងមានបញ្ហាសុខភាពផ្សេងៗទៀត៕