បេក្ខជនតុលាការកំពូលសហរដ្ឋអាមេរិក លោកស្រី Amy Coney Barrett ត្រូវរំពឹងថា នឹងថ្លែងប្រាប់ទៅសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្នុងសវនាការផ្តល់ការយល់ព្រមសម្រាប់ការតែងតាំងលោកស្រី ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទថា តុលាការ «មិនគួរព្យាយាមបង្កើតគោលនយោបាយ» ហើយគួរទុករឿងនោះ ឲ្យប្រធានាធិបតី និងសភាអាមេរិកជាអ្នកធ្វើវិញ។
នៅក្នុងសុន្ទរកថាថ្លែងបើករបស់លោកស្រី ដែលត្រូវបានចេញផ្សាយជាមុននោះ លោកស្រី Barrett បានបង្ហាញពីការបកស្រាយដ៏តូចចង្អៀតមួយនូវតួនាទីរបស់តុលាការកំពូលថា តុលាការនេះ «មិនមែនបង្កើតឡើងដើម្បីដោះស្រាយគ្រប់បញ្ហានោះទេ ហើយមិនមែនសុទ្ធតែកាត់សេចក្តីកែតម្រូវរាល់កំហុសទាំងអស់នៅក្នុងជីវិតសាធារណៈរបស់យើងនោះទេ»។
លោកស្រី Amy Coney Barrett អាយុ៤៨ឆ្នាំ ដែលជាអ្នកអភិរក្សនិយមមួយរូបនិងជាបេក្ខជនទី៣ហើយ ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Donald Trump សម្រាប់តំណែងចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក ដែលមានចៅក្រមសរុប៩រូបនោះ នឹងត្រូវឆ្លើយបំភ្លឺចំពោះមុខគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាអាមេរិក ដែលមានរយៈពេល៤ថ្ងៃ ក្នុងសបា្តហ៍នេះ។
ប្រសិនបើលោកស្រីត្រូវបានយល់ព្រមសម្រាប់ការតែងតាំងមួយជីវិតនោះ លោកស្រីនឹងត្រូវក្លាយជាចៅក្រមតុលាការកំពូលជំនួសអតីតចៅក្រមសេរីនិយមមួយរូប គឺលោកស្រី Ruth Bader Ginsburg ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។
ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យក្តី ក៏ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះ បានជំរុញដំណើរការដើម្បីអនុម័តយល់ព្រមលើការតែងតាំងលោកស្រី Barrett ឲ្យក្លាយជាចៅក្រមតុលាការកំពូលដែលមានអាណត្តិអស់មួយជីវិតឲ្យបានត្រឹមដំណាច់ខែតុលា គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ដែលមានការប្រកួតប្រជែងរវាងលោកប្រធានាធិបតី Donald Trump និងគូប្រជែងមកពីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដើម្បីដណ្តើមអាណត្តិសេតវិមានរយៈពេល៤ឆ្នាំខាងមុខនោះ។
ផ្ទុយទៅវិញ លោកស្រីរំពឹងថានឹងបញ្ជាក់ថា៖ «សេចក្តីសម្រេចជុំវិញរឿងគោលនយោបាយ និងការវាយតម្លៃផ្អែកលើគុណតម្លៃទៅលើរដ្ឋាភិបាលនោះ ត្រូវធ្វើឡើងដោយការិយាល័យនយោបាយ ដែលត្រូវបានបោះឆ្នោត និងដាក់ឲ្យទទួលខុស ចំពោះមុខប្រជាពលរដ្ឋ។ សាធារណជន មិនគួររំពឹងទុកឲ្យតុលាការធ្វើរឿងហ្នឹងនោះទេ ហើយតុលាការ ក៏មិនគួរព្យាយាមដើម្បីធ្វើរឿងហ្នឹងនោះដែរ៕