តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​លើ​សំណើ​បញ្ចប់កម្មវិធី​ DACA

មនុស្ស​ម្នា​ធ្វើ​បាតុកម្ម​សម្រាប់​កំណែ​ទម្រង់​អន្តោប្រវេសន៍​សម្រាប់​អ្នក​ស្ថិត​ក្នុង​កម្មវិធី DACA និង​ច្បាប់ DREAM Act ថ្មី​នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​សំណើ​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាលលោក Trump​ ឲ្យ​ធ្វើ​អន្តរាគមន៍​លើ​ករណី​មួយ​ដែល​ប៉ះពាល់​ដល់​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​រាប់​សែន​នាក់​ ដែល​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ ដោយ​បាន​និយាយ​ថា​តុលាការ​ឧទ្ធរណ៍​ត្រូវ​ចេញ​សេចក្តី​សម្រេច​លើ​ករណី​នេះ​ជា​មុន​សិន។

រដ្ឋបាល​លោក Trump បាន​បញ្ជូន​សំណើ​នេះ​ខុស​ពី​ធម្មតា​ដោយ​មិន​ឆ្លងកាត់​តុលាការ​ឧទ្ធរណ៍​និង​ស្នើ​ឲ្យ​តុលាការ​កំពូល​ចេញ​សេចក្តី​សម្រេច​ជា​បន្ទាន់​លើ​ច្បាប់​ការពារ​ជន

អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​កាល​ពី​វ័យក្មេង ​ឬ DACA ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ជំនាន់​លោក​អតីត​ប្រធានាធិបតី Obama។

នៅ​ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃចន្ទ​ តុលាការ​កំពូល​បាន​ថ្លែង​ថា​ នឹង​មិន​ចាត់​វិធាន​ការណ៍​លើ​ករណី​នេះ​នៅ​ពេល​នេះ​ទេ​ ហើយ​ថា​ករណី​នេះ​ត្រូវ​តែ​ឆ្លងកាត់​តុលាការ​ឧទ្ធរណ៍​ឲ្យ​ធ្វើ​សេចក្តីសម្រេច​ជា​មុន​សិន។

កម្មវិធី DACA បាន​ជួយ​ការពារ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ពី​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ និង​បាន​ផ្តល់​ប័ណ្ឌ​ការងារ​ដល់​ជន​អន្តោប្រវេសន៍​វ័យក្មេង​ដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ខុស​ច្បាប់​ប្រមាណ​៧សែននាក់។

កាល​ពី​ខែកញ្ញា​ លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ថា​លោក​នឹង​ទុក​ឲ្យ​កម្មវិធី​នេះ​អស់​សុពលភាព​ដោយ​ខ្លួន​ឯង​នៅក្នុង​ខែមីនា​នេះ​ ដោយ​លោក​បាន​ចោទ​ថា​អតីត​ប្រធានាធិបតី​លោក Barack Obama បាន​បំពាន​អំណាច​របស់​លោក​នៅ​ពេល​ដែល​លោក​បង្កើត​កម្មវិធី​នេះ​ឡើង។

នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ចៅក្រម​សហព័ន្ធ​នៅក្នុង​ទីក្រុង​សានហ្វ្រានស៊ីស្កូ​ និង​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​បាន​ចេញ​សេចក្តី​បង្គាប់​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​បញ្ចប់​កម្មវិធី ​DACA ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រដ្ឋបាល​លោក Trump បញ្ឈប់​កម្មវិធី​នេះ​នៅ​ត្រឹម​ថ្ងៃ​ទី៥ខែ​មីនា​ដូច​ដែល​បាន​គ្រោង​ទុក៕