រយៈពេលដប់ខែចាប់ពីពេលនេះទៅ អ្នកបោះឆ្នោតអាមេរិកាំងនឹងជ្រើសរើសប្រធានាធិបតីជាថ្មីទៀត ប៉ុន្តែមុនពេលពួកគេធ្វើដំណើរទៅបោះឆ្នោត តុលាការកំពូលរបស់សហរដ្ឋអាមេរិកអាចដើរតួនាទីយ៉ាងសំខាន់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខដើម្បីសម្រេចជោគវាសនានយោបាយរបស់បេក្ខជនប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋលោកអតីតប្រធានាធិបតី Donald Trump។
រយៈពេលជាងបីឆ្នាំបន្ទាប់ពីចាញ់ការបោះឆ្នោតឆ្នាំ ២០២០ លោក Trump កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងការប្រកួតប្រជែងដើម្បីបានកាន់តំណែងនៅសេតវិមានឡើងវិញ ហើយតុលាការកំពូលដែលមានសមាជិកប្រាំបួនរូបអាចធ្វើការសម្រេចដែលអាចជាការបំផ្លាញឬផ្តល់ផលប្រយោជន៍ដល់រូបលោក។
លោកកំពុងទាមទារអភ័យឯកសិទ្ធិពីការកាត់ទោសលើការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៤ ដែលមិនធ្លាប់មានពីមុនមក ដែលគ្របដណ្តប់លើបទចោទប្រកាន់ចំនួន ៩១ ដែលលោកអាចប្រឈមនឹងការ កាត់ទោសនៅប៉ុន្មានខែខាងមុខនេះ។
លោកក៏កំពុងតតាំងផងដែរនឹងការសម្រេចរបស់រដ្ឋចំនួនពីរដែលបានដកឈ្មោះលោកចេញពីការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ ចំពោះតួនាទីរបស់លោកដែលត្រូវបានចោទប្រកាន់ថាបានញុះញង់អ្នកគាំទ្ររបស់លោកឱ្យធ្វើការបះបោរនៅឯវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលនៅពេលនោះក្រុមអ្នកគាំទ្រលោកបានព្យាយាមមិនបានសម្រេចក្នុងការរារាំងសភាពីការបញ្ជាក់ថាលោក Joe Biden បានឈ្នះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី។
បច្ចុប្បន្ននេះ តុលាការកំពូលមិនទាន់បានកំណត់ពេលដើម្បីពិចារណាលើការតវ៉ារបស់លោក Trump ជំទាស់ទៅនឹងសេចក្តីសម្រេចប្រឆាំងនឹងលោកនោះទេ ប៉ុន្តែស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅពេលដែលតុលាការជាន់ទាបបើកសវនាការលើសំណុំរឿងទាំងនេះ ដោយលោក Trump រដ្ឋអាជ្ញារដ្ឋាភិបាល និងអ្នកផ្សេងទៀតប្រាកដជានឹងប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលចំពោះសេចក្តីសម្រេចមិនល្អណាមួយប្រឆាំងនឹងពួកគេ។
តុលាការកំពូលបានយល់ព្រមពិនិត្យលើករណីមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរារាំងនីតិវិធីផ្លូវការរបស់សភានៅក្នុងការបញ្ជាក់អំពីជ័យជម្នះរបស់លោក Biden នៅក្នុងការរាប់អង្គបោះឆ្នោត (ឬប្រតិភូបោះឆ្នោត) ដែលក៏អាចប៉ះពាល់ដល់លោក Trump ផងដែរ។ ប៉ូលិសរូបនោះបានប្រកែកថា រដ្ឋអាជ្ញាបានប្រើខុសលក្ខន្តិកៈស្តីពីការក្លែងបន្លំសាជីវកម្ម ដែលជាធម្មតាត្រូវប្រើតែសម្រាប់មនុស្សដែលបំពានលើឯកសារនិងភ័ស្តុតាងប៉ុណ្ណោះ។
រដ្ឋអាជ្ញាបានប្រើប្រាស់ច្បាប់នោះក្នុងការចោទប្រកាន់អ្នកបះបោរនៅវិមានសភាជាង ៣០០ នាក់ផ្សេងទៀត ហើយវាបង្កើតបានជាមូលដ្ឋាននៃការចោទប្រកាន់ចំនួនពីរប្រឆាំងនឹងលោក Trump នៅក្នុងសំណុំរឿងនៅរដ្ឋធានីវ៉ាស៊ីនតោនដែលនាំមុខដោយរដ្ឋអាជ្ញាពិសេសលោក Jack Smith ដែលបានចោទប្រកាន់លោក Trump ពីបទរៀបចំផែនការខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលលោកបានចាញ់លោក Biden ដែលជាគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ។
តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរបស់មន្ត្រីប៉ូលិសរូបនោះនៅក្នុងអាណត្តិបច្ចុប្បន្នរបស់ខ្លួន ហើយអាចប្រកាសសាលដីកានៅពេលណាមួយនៅក្នុងខែមិថុនាខាងមុខ គឺក្រោយពីការចាប់ផ្ដើមដែលគ្រោងទុកនូវការកាត់ក្តីលើសំណុំរឿងក្លែងបន្លំការបោះឆ្នោតនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ៤ ខែមីនាខាងមុខ។
ក្នុងន័យទូលំទូលាយជាងនេះ លោក Trump កំពុងធ្វើការអះអាងយ៉ាងម៉ឺងម៉ាត់ថា លោកមានអភ័យឯកសិទ្ធិទាំងស្រុងពីការកាត់ទោស ដោយសារតែសកម្មភាពពាក់ព័ន្ធនឹងការបោះឆ្នោតណាមួយដែលលោកបានធ្វើបានកើតឡើងនៅពេលដែលលោកនៅជាប្រធានាធិបតីនៅចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។
វាគឺជាពេលវេលាដែលរដ្ឋអាជ្ញាចោទប្រកាន់ថាលោកបានរៀបចំផែនការជាមួយនឹងសហការីសំខាន់ៗដើម្បីបំផ្លាញឆន្ទៈរបស់ប្រជាជនភាគច្រើនដោយខុសច្បាប់ដែលបានគាំទ្រលោក Biden នៅក្នុងរដ្ឋប្រកួតប្រជែងនយោបាយសំខាន់ៗមួយចំនួន ដូច្នេះលោកអាចប្រែក្រឡាស់លទ្ធផលឆ្នោតនៅក្នុងរដ្ឋទាំងនោះដើម្បីបន្តកាន់អំណាចរយៈពេល ៤ ឆ្នាំទៀត។
នៅសហរដ្ឋអាមេរិក ប្រធានាធិបតីមិនត្រូវបានជ្រើសរើសដោយសំឡេងឆ្នោតរបស់ពលរដ្ឋអ្នកបោះឆ្នោតទេដែលលោក Biden ឈ្នះដោយសំឡេងចំនួន ៧ លាននៅឆ្នាំ ២០២០។ ផ្ទុយទៅវិញ ប្រធានាធិបតីសហរដ្ឋអាមេរិកនិងអនុប្រធានាធិបតីត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយអង្គបោះឆ្នោតនៅរដ្ឋចំនួន ៥០ ដែលរដ្ឋណាដែលមានប្រជាជនច្រើនជាងគេទទួលបានអង្គបោះឆ្នោតច្រើនជាងគេ។
អ្នកគាំទ្រលោក Trump ប្រហែល ២.០០០ នាក់បានបង្អាក់ដល់ការបញ្ជាក់ចុងក្រោយរបស់សភាអំពីជ័យជម្នះរបស់លោក Biden នៅក្នុងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតកាលពី ៣ ឆ្នាំមុន នៅពេលដែលពួកគេបានសម្រុកចូលទៅក្នុងវិមានសភាដោយប្រយុទ្ធនឹងប៉ូលិសនិងរុះរើការិយាល័យសភាមួយចំនួន។
រដ្ឋអាជ្ញាពិសេសលោក Smith បានផ្តល់ហេតុផលថា គ្មាននរណាម្នាក់នៅពីលើច្បាប់និងមានអភ័យឯកសិទ្ធិពីការកាត់ទោសនោះទេ សូម្បីតែអតីតប្រធានាធិបតីដូចលោក Trump ដែលជាមេដឹកនាំដំបូងគេបង្អស់របស់សហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មក៏ដោយ។
ចៅក្រមអាមេរិកអ្នកស្រី Tanya Chutkan ដែលកាន់សំណុំរឿងក្លែងបន្លំការបោះឆ្នោត បានយល់ស្របជាមួយរដ្ឋអាជ្ញា ដោយសម្រេចថាលោក Trump មិនមានសិទ្ធិទទួលបាន «ការរួចខ្លួនពីពន្ធនាគារដោយសេរីទេ»។
បញ្ហាមួយទៀតគឺការអះអាងរបស់លោក Trump ដែលថាលោកមិនអាចត្រូវបានគេកាត់ទោសចំពោះតួនាទីណាមួយនៅក្នុងកុបកម្មថ្ងៃទី ៦ ខែមករានៅឯវិមានសភានោះទេដោយហេតុថារដ្ឋសភាបានចោទប្រកាន់ដកតំណែងលោកមុនពេលអាណត្តិប្រធានាធិបតីរបស់លោកបានបញ្ចប់ បើទោះបីជាព្រឹទ្ធសភាក្រោយមកបានទម្លាក់ការចោទប្រកាន់នៅដើមឆ្នាំ ២០២១ បន្ទាប់ពីលោកបានចាកចេញពីតំណែងក៏ដោយ។
លោក Trump បានប្រកែកជាទូទៅថាលោកមិនអាចត្រូវបានគេកាត់ទោសព្រហ្មទណ្ឌទេឥឡូវនេះទាក់ទងនឹងការគំរាមកំហែងថ្ងៃទី ៦ ខែមករា ពីព្រោះព្រឹទ្ធសភាបានជម្រះក្តីលោករួចហើយនៅក្នុងនីតិវិធីនយោបាយ។
លោក Smith បានស្នើតុលាការកំពូលឱ្យសម្រេចឱ្យបានឆាប់លើការទាមទារអភ័យឯកសិទ្ធិពីការកាត់ទោសរបស់លោក Trump ប៉ុន្តែក្រុមចៅក្រមបានបដិសេធដោយបញ្ជូនសំណុំរឿងនេះទៅតុលាការឧទ្ធរណ៍សហព័ន្ធនៅរដ្ឋធានីវ៉ាស៊ីនតោនវិញ។ សាលាឧទ្ធរណ៍បានកំណត់ពេលសវនាការលើវិវាទនេះនៅថ្ងៃទី ៩ ខែមករា ហើយអាចសម្រេចក្នុងពេលឆាប់ៗនេះ ដោយអាចមានលទ្ធភាពនៃបណ្តឹងសាទុក្ខភ្លាមៗទៅកាន់តុលាការកំពូលដោយភាគីចាញ់ក្តី។
បន្ទាប់មក តុលាការកំពូលអាចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឬសម្រេចដើម្បីស្តាប់ទឡ្ហីករណ៍ផ្លូវច្បាប់ក្នុងសំណុំរឿងនេះហើយចេញសេចក្តីសម្រេចរបស់ខ្លួន ប៉ុន្តែមិនប្រាកដទេថាវាទាន់ពេលការកាត់ក្តីសំណុំរឿងក្លែងបន្លំការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅខែមីនា។
តុលាការកំពូលរួមមានចៅក្រមបីរូបដែលត្រូវបានតែងតាំងដោយលោក Trump ប៉ុន្តែកាលពីដើមឆ្នាំ ២០២០ សំណុំរឿងទាក់ទងនឹងការបោះឆ្នោតត្រូវបានតុលាការនេះកាត់ក្តីប្រឆាំងនឹងលោក Trump។
តុលាការទំនងជាប្រឈមនឹងសំណុំរឿងថ្មីដែលទាក់ទងដោយផ្ទាល់ទៅនឹងការបោះឆ្នោតឆ្នាំ ២០២៤ បន្ទាប់ពីតុលាការកំពូលរដ្ឋ Colorado នៅភាគខាងលិចសហរដ្ឋអាមេរិកបានកាត់ក្តីលោក Trump ដោយដកលោកចេញពីការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋនេះ ដោយសារតែបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកហាមប្រាមជនណាក៏ដោយមិនឱ្យកាន់តំណែងសាធារណៈបើបានចូលរួមក្នុងការបះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាល។
សកម្មជននិងអ្នករិះគន់លោក Trump មួយចំនួនបានចោទប្រកាន់លោក Trump ថាជាអ្នកបះបោរដោយសារលោកបានជំរុញអ្នកគាំទ្រឱ្យ «ប្រយុទ្ធងាប់រស់» ដើម្បីរារាំងការបញ្ជាក់ផ្លូវការរបស់សភាអំពីជ័យជម្នះរបស់លោក Biden។
ដោយមានហេតុផលដូចគ្នាទៅនឹងហេតុផលនៅរដ្ឋ Colorado មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Maine នៅភាគឦសានប្រទេសក៏បានដកលោក Trump ចេញពីសន្លឹកឆ្នោតនៅក្នុងរដ្ឋនោះដែរ។
ដោយបណ្តឹងឧទ្ធរណ៍កំពុងដំណើរការ តុលាការកំពូលប្រហែលជាត្រូវធ្វើសេចក្តីសម្រេចទូទាំងប្រទេសឱ្យបានឆាប់អំពីសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់លោក Trump។ ការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សលើកដំបូងចាប់ផ្តើមដោយការបោះឆ្នោតក្នុងបក្សនៅរដ្ឋ Iowa នៅថ្ងៃទី ១៥ ខែមករាខាងមុខនេះ ដោយការបោះឆ្នោតបឋមដែលបានគ្រោងធ្វើនៅទូទាំងប្រទេសនឹងធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍បន្ទាប់។
លោក Steven Cheung ដែលជាអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បាននិយាយថា៖ «យើងមានទំនុកចិត្តទាំងស្រុងថា តុលាការកំពូលរបស់សហរដ្ឋអាមេរិកនឹងកាត់សេចក្តីភ្លាមៗដើម្បីផ្តល់ប្រយោជន៍ដល់យើង ហើយទីបំផុតនឹងបញ្ចប់ការប្តឹងតវ៉ាដែលមិនមានលក្ខណៈបែបអាមេរិកាំងទាំងនេះ» ។
លោក Trump បានបរិហារការកាត់ទោសប្រឆាំងនឹងរូបលោក ដោយបានហៅលោក Smith ថាមានភាពវង្វេងស្មារតី ហើយនិយាយថាការចោទប្រកាន់នេះស្មើនឹង «ការតាមចងពៀរនយោបាយ» ដែលធ្វើឡើងដោយសេតវិមានរបស់លោក Biden ដើម្បីរារាំងលោកពីការឈ្នះតំណែងប្រធានាធិបតីម្តងទៀត។ លោក Trump បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសអ្វីទេ។
លោក Smith ដែលជារដ្ឋអាជ្ញានៃក្រសួងយុត្តិធម៌ ក៏បានចោទប្រកាន់លោក Trump ផងដែរពីបទរក្សាទុកមិនត្រឹមត្រូវនូវឯកសារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដោយរក្សាទុកឯកសារទាំងនោះនៅឯភូមិគ្រឹះ Mar-a-Lago របស់លោកនៅរដ្ឋ Florida បន្ទាប់ពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតី។
រដ្ឋអាជ្ញានៅរដ្ឋ Georgia បានចោទប្រកាន់លោក Trump ពីការក្លែងបន្លំការបោះឆ្នោតឆ្នាំ ២០២០ នៅក្នុងរដ្ឋនោះ ហើយរដ្ឋអាជ្ញារដ្ឋ New York បានចោទប្រកាន់លោកពីបទក្លែងបន្លំឯកសារអាជីវកម្មនៅឯក្រុមហ៊ុនអចលនទ្រព្យរបស់គ្រួសារលោកដើម្បីលាក់បាំងការបង់ប្រាក់បំបិទមាត់ឱ្យតារាភាពយន្តអាសអាភាសម្នាក់នៅមុនពេលលោកឈ្នះការបោះឆ្នោតឆ្នាំ ២០១៦ សម្រាប់តំណែងជាប្រធានាធិបតី៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង