ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហរដ្ឋ​អាមេរិក​ចេញ​បញ្ជា​ហាម​ឃាត់​មួយ​ផ្នែក​លើ​លោក Trump


រូប​ឯសារ៖ អតីត​ប្រធានាធីបតីអាមេរិក​លោក Donald Trump​ ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​មួយ​ក្នុង​តុលាការ​សង្កាត់ Manhattan ក្រុង New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២៣។
រូប​ឯសារ៖ អតីត​ប្រធានាធីបតីអាមេរិក​លោក Donald Trump​ ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​មួយ​ក្នុង​តុលាការ​សង្កាត់ Manhattan ក្រុង New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២៣។

ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ​រូប​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ចេញ​បញ្ជា​ហាម​ឃាត់​មួយ​ផ្នែក​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អំពី​អ្វី​ដែល​លោក​អាច​និយាយ​បាន​អំពី​សវនាការ​ដែល​ជិត​ធ្វើ​ឡើង​របស់​លោក​ក្រោម​បទ​ចោទ​ប្រកាន់​ដែល​ថា​លោក​បាន​ព្យាយាម​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ការ​ប្រែ​ក្រឡាស់​ការ​ចាញ់​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០។

អ្នកស្រី​ចៅក្រម Tanya Chutkan បាន​ហាម​ឃាត់​លោក Trump ដែល​ជា​គូ​ប្រជែង​នាំ​មុខ​ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ មិន​ឱ្យ​វាយ​ប្រហារ​លើ​រដ្ឋអាជ្ញា សាក្សី​ដែល​អាច​មាន​ណា​ម្នាក់ និង​បុគ្គលិក​របស់​ចៅក្រម។

រដ្ឋអាជ្ញា​ពិសេស​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Jack Smith បាន​ស្នើ​ឱ្យ​មាន​បទ​បញ្ជា​ហាម​ឃាត់​នេះ ដោយ​អះអាង​ថា​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​របស់​លោក Trump លើ​លោក ចៅក្រម និង​សាក្សី​ដែល​អាច​មាន​ណា​ម្នាក់​អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​សាធារណជន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​និង​អាច​គំរាម​ដល់​សមាជិក​គណៈវិនិច្ឆ័យ​តុលាការ​នៅ​ពេល​ខាង​មុខ​នៃ​សំណុំ​រឿង​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​នេះ។

មេធាវី​របស់​លោក Trump បាន​ប្រឆាំង​នឹង​ការ​ដាក់​កំហិត​ណា​មួយ និង​អាច​ប្ដឹង​បន្ត​ទៅ​ឧទ្ធរណ៍​លើ​ការ​សម្រេច​នេះ។ អ្នកស្រី​ចៅក្រម Chutkan មិន​បាន​ដាក់​កំហិត​លើ​ករណី​ដែល​លោក Trump អាច​រិះគន់​លើ​ក្រសួង​យុត្តិធម៌​អាមេរិក​ជា​ទូទៅ​ឬ​ក៏​បញ្ចេញ​មតិ​ណា​មួយ​ដែល​លោក​ជឿ​ថា​សំណុំរឿង​នេះ​មាន​លក្ខណៈ​នយោបាយ​ដើម្បី​កុំ​ឱ្យ​លោក​បាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ជា​ថ្មី​នោះ​ទេ។

ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ប្រឆាំង​នឹង​ការ​សម្រេច​របស់​អ្នកស្រី​ចៅក្រម Chutkan ដោយ​និយាយ​ថា​វា​ជា «អំពើ​ដ៏​គួរ​ឱ្យ​ស្អប់​ទាំងស្រុង​និង​ជា​កាំបិត​ប្រកាន់​បក្ខ​ពួក​មួយ​ទៀត​ដែល​ចាក់​ចំ​បេះដូង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។

នៅ​ក្នុង​ការ​អះអាង​មុនការ​សម្រេច​របស់​អ្នកស្រី Chutkan មេធាវី​របស់​លោក Trump លោក John Lauro បាន​ចោទ​ប្រកាន់​រដ្ឋអាជ្ញា​ថា «មាន​បំណង​ពិនិត្យ​ចាប់​ពិរុទ្ធ​លើ​បេក្ខជន​នយោបាយ​ម្នាក់​នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»។ ប៉ុន្តែ ចៅក្រម​បាន​ទាត់ចោល​ការ​អះអាង​នេះ ដោយ​និយាយ​ថា លោក Trump «មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​និង​ធ្វើ​អ្វី​តាម​ចិត្ត​របស់​លោក​នោះ​ទេ»។

ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ពីរ​ដែល​លោក Smith បាន​ស្នើ​ឡើង​នេះ លោក Trump ប្រឈម​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ពីរ​ផ្សេង​ទៀត។ សំណុំរឿង​ទី​មួយ​ចោទ​លោក​ថា​បាន​ព្យាយាម​ប្រែ​ក្រឡាស់​ករណី​ដែល​លោក​ចាញ់​លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នៅ​ក្នុង​រដ្ឋ Georgia។ សំណុំរឿង​មួយ​ទៀត​គឺ​ការ​ក្លែង​បន្លំ​ឯកសារ​កំណត់ត្រា​អាជីវកម្ម​សម្រាប់​អចលនទ្រព្យ​របស់​លោក​នៅ​ក្នុង​ទីក្រុង New York ដើម្បី​លាក់​បាំង​លុយ​បំបិទ​មាត់​ដែល​លោក​ឱ្យ​តារា​ភាពយន្ត​អាសអាភាស​ជា​ស្ត្រី​ម្នាក់​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៦ ដ៏​ជោគជ័យ​របស់​លោក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG