ក្រសួងការពារប្រទេសរបស់អាមេរិកបានឲ្យដឹងថា ការធ្វើតេស្តលើកទីមួយរបស់ខ្លួនទៅលើប្រព័ន្ធចាប់គ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបទទួលបានជោគជ័យ។
លោកឧត្តមនាវីទោ Jim Syring នៃទីភ្នាក់ងារចាប់គ្រាប់មីស៊ីលបានមានប្រសាសន៍ថា «ការធ្វើតេស្តប្រព័ន្ធចាប់គ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបគឺជាជោគជ័យដ៏ធំមួយ»។
សហរដ្ឋអាមេរិកបានធ្វើតេស្តប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបទីមួយរបស់ខ្លួននៅថ្ងៃអង្គារ ម៉ោងក្នុងសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសអំពីការធ្វើតេស្តគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់ខ្លួនថាទទួលបានជោគជ័យ។
លោកអនុសេនីយ៍ឯក Jeff Davis អ្នកនាំពាក្យក្រសួងការពារប្រទេសរបស់អាមេរិកបាននិយាយថា ការធ្វើតេស្តដែលមានតម្លៃ២២៤លានដុល្លារនេះ «គឺជាផ្នែកមួយនៃការបន្តរៀនបាញ់មីស៊ីល»។ ក៏ប៉ុន្តែការធ្វើតេស្តនេះក៏បង្កើតជាមន្ទិលសង្ស័យអំពីលទ្ធភាពរបស់អាមេរិកក្នុងការការពារខ្លួនចំពោះគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
គ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនេះត្រូវបានបាញ់ចេញពីកោះ Kwajalein Atoll នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ចំណែកឯប្រព័ន្ធស្ទាក់ចាប់ ឬបំផ្លាញគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនេះត្រូវបានបាញ់ចេញពីក្រោមដី នៅទីបញ្ជាការដ្ឋានកងកម្លាំងជើងអាកាស Vandenberg ក្នុងរដ្ឋ California។ ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនេះបានបំផ្លាញគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបត្រឹមពាក់កណ្តាលផ្លូវនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ការធ្វើតេស្តគ្រាប់មីស៊ីលរបស់ខ្លួនបានជោគជ័យ ហើយពាក់ព័ន្ធនឹងប្រព័ន្ធនាំផ្លូវដ៏ច្បាស់ថ្មីមួយ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង យោធានិយាយថា ការធ្វើតេស្តកាលពីថ្ងៃច័ន្ទពាក់ព័ន្ធនឹងគ្រាប់មីស៊ីលប្រភេទ Scud ដែលធ្លាក់ចុះនៅចម្ងាយប្រមាណ៤៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រប៉ែកខាងកើតនៃប្រទេសកូរ៉េខាងជើងនៅក្នុងសមុទ្រជប៉ុន៕