ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​លុប​ចោល​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​មួយ​ផ្នែក


ការ​ដាក់​ពង្រាយ​​​ប្រព័ន្ធការ​ពារ​កាំជ្រួច​ផ្លោង​​នៅ​ក្នុង​រដ្ឋ​អាឡាស្កា (Alaska)។
ដោយ Andre de Nesnera
កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋបា​ល​របស់លោកប្រធានាធិបតី ​អូបាម៉ា (Obama) បានប្រកាស​អំពី​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធការ​ពារ​កាំជ្រួច​ផ្លោងនៅ​ក្នុង​រដ្ឋ​អាឡាស្កា (Alaska)។ ប៉ុន្តែ​ ដូចដែល​ Andre de Nesnera ​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​ជាន់​ខ្ពស់​របស់​វីអូអេ​រាយការណ៍​ពីទីក្រុង​វ៉ាស៊ីន​តោន (Washington) បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ រដ្ឋបាល​សហរដ្ឋ​អាមេរិក​ បាន​លុបចោលផ្នែក​ដ៏សំខាន់នៃ​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​ ដែល​មានមូលដ្ឋាន​នៅ​អឺរ៉ុប។
ផែនការ​របស់​លោក​ អូបាម៉ា​ អំពាវនាវឲ្យមាន​ការ​បោះទីតាំងប្រព័ន្ធ​បាញ់​ទម្លាក់​កាំជ្រួចចំនួន១៤​កន្លែង នៅ​រដ្ឋ​អាឡាស្កា ដើម្បី​ការពារ​តំបន់​ឆ្នេរ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក ពី​ប្រទេស​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​ចាត់​ទុក​ថាជា​ការ​គំរាម​កំហែងមួយ ដោយសារ​តែ​ភាព​ជឿនលឿន​ទៅមុខ​របស់​ប្រទេស​នេះ ​លើផ្នែកអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យា​កាំជ្រួច។ ផែនការ​នេះ​ក៏​អំពាវនាវ​ឲ្យ​មានការ​ដាក់​ពង្រាយរ៉ាដារ​មួយនៅ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ។
​ចំណែកភាគី​អឺរ៉ុប​ឯណោះ​វិញ ចាប់​តាំង​ពី​ឆ្នាំ​២០០៩មក​ រដ្ឋបាល​សហរដ្ឋ​អាមេរិក បាន​ចូល​រួម​ក្នុង​កម្មវិធីមួយ ដែលមាន​បួន​ដំណាក់​កាល​ ដែល​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​ទម្លាក់​កាំជ្រួចដែល​មាន​មូលដ្ឋាន​នៅ​លើ​សមុទ្រ​និង​នៅលើដីគោក។ ក្រុម​អ្នក​ជំនាញនិយាយ​ថា វាជា​ផែនការ​ប្រកប​ដោយ​ភាព​បត់​បែន​ច្រើន​ជាង​ផែនការ​ដែលត្រូវ​បាន​គាំទ្រ​ដោយអតីត​ប្រធានាធិបតី ហ្សច ដាប់ប៊ែលយូ ប៊ូស (George W. Bush)។
ប៉ុន្តែ​ ឥឡូវនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​លុប​ចោល​ដំណាក់​កាល​ចុងក្រោយ​នៃ​គម្រោងការពារ​កាំជ្រួច​នៅ​អឺរ៉ុប ដែល​ត្រូវបាន​ស្គាល់​ថាជា «ដំណាក់​កាលទី​៤»។
លោក ចូ ស៊ីរិនស៊ីអូណេ (Joe Cirincione) គឺជា​ប្រធាន​មូលនិធិ​ផ្លៅស៊ែរ (Ploughshares Fund)​ ដែល​ជា​អង្គការឯកទេស​ខាង​គោលនយោបាយ​អាវុធនុយក្លេអ៊ែរ។
«ផ្នែក​ដ៏ចម្រូង​ចម្រាស់​របស់​កម្មវិធីនេះ គឺ​ផែនការ​តម្លើងប្រព័ន្ធ​បាញ់​ទម្លាក់​កាំជ្រួច​ដ៏ទំនើប​ជាង​មុន​នៅ​ក្នុង​ដំណាក់​កាលទី៣​និង​ទី៤។ ផែនការ​នេះ​បាន​ចាប់​ផ្តើមធ្វើ​ឲ្យ​ប្រទេសរុស្ស៊ី​មានការ​ព្រួយ​បារម្ភ។​ ពួកគេ​គិត​ថា ប្រព័ន្ធ​បាញ់​ទម្លាក់​កាំជ្រួច​«ដំណាក់​កាល​ទី៤»នេះ​ ដែល​ជា​ប្រព័ន្ធ​យ៉ាង​ធំធេងនិង​មាន​ល្បឿន​លឿន​ អាច​មានលទ្ធភាព​បាញ់​ទម្លាក់​កាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី ប្រសិន​បើ​ប្រព័ន្ធ​នេះអាច​ដំណើរការ​បាន​ល្អ​នោះ។ នោះ​គឺជាអ្វី​ដែល​ពួកគេបានជំទាស់​»។​
អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ ប្រព័ន្ធការពារកាំជ្រួច​ផ្លោង ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មានមូលដ្ឋាន​នៅ​អឺរ៉ុប ​នៅ​តែ​ជា​បញ្ហា​ប្រទាំង​ប្រទើសរវាង​សហរដ្ឋ​អាមេរិក និងរុស្ស៊ី។
លោក ស៊ាន ខេ (Sean Kay) ​អ្នក​ជំនាញ​ខាង​ការគ្រប់​គ្រង​អាវុធ​នៅឯសាកលវិទ្យាល័យអូហាយយ៉ូ វ៉េសឡេយ៉ាន (Ohio Wesleyan University) និយាយថា​ ទីក្រុង​ម៉ូស្គូជឿថា ផែនការ​របស់​សហរដ្ឋ​អាមេរិក​ មានគោលដៅ​ចុងក្រោយ​ទៅលើ​ប្រទេស​រុស្ស៊ី​តែ​ប៉ុណ្ណោះ។ ទស្សនៈមួយនេះ​ត្រូវ​បានសហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាងលិច​ផ្សេងទៀតបដិសេធ។​
«រុស្ស៊ីបាន​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង ទៅលើ​ការគំរាម​កំហែង​ផ្នែក​អាវុធ​នុយក្លេអ៊ែររបស់​ខ្លួន ដោយសារ​តែ​សមត្ថភាព​ផលិត​អាវុធ​ធម្មតា​របស់​ខ្លួន​មាន​ភាពអន់​ថយ​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​ចុង​នៃសង្គ្រាម​ត្រជាក់មក។​ បណ្តា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ មានការ​ព្រួយបារម្ភ​អំពី​សមត្ថភាព​របស់​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​ធ្វើឲ្យ​មានអព្យាក្រិត​ភាព​សមត្ថភាពក្នុង​ការ​វាយប្រហារ​ឬ​ការការ​ពារ​ខ្លួនដោយ​នុយក្លេអ៊ែរ ដោយសារ​តែ​សមត្ថភាព​នុយក្លេ​អ៊ែរ​នេះអាច​បណ្តាល​ឲ្យ​ពួកគេងាយ​ទទួលរង​នូវ​ការ​វាយ​ប្រហារដោយ​មិនដឹងខ្លួន»។​
នៅ​ក្នុងការ​ប្រកាសអំពីការ​លុបចោល «ដំណាក់កាល​ទី៤»​ នៃ​ប្រព័ន្ធការ​ពារ​កាំជ្រួចនៅ​អឺរ៉ុប រដ្ឋបាល​របស់​លោក​អូបាម៉ា បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ភាពតានតឹងផ្នែក​ថវិការ។
ប៉ុន្តែ​ លោក ស៊ាន ខេ បាន​ពិនិត្យ​ឃើញ​ការ​ពន្យល់​ផ្សេង​ទៀត។
«​ហេតុ​ផល​ដែល​នាំ​ឲ្យ​ពួកគេអាច​បោះ​បង់​ចោល​បច្ចេក​វិទ្យា នាពេល​ឥឡូវនេះ ឬ​យ៉ាង​ហោច​ណាស់​ បោះ​បង់​ចោល​ផ្នែក​ខ្លះ​នៃ​ផែនការ​នោះ គឺដោយសារ​តែបច្ចេកវិទ្យា​សម្រាប់​ផែនការ​នោះ​មិន​មានអតិ្ថភាព​ផង។​ វាមិន​មាន​អត្ថិភាព​ទេ​នៅ​ក្រោម​ផែនការ​របស់​លោក​ ប្រធានាធិបតី ប៊ូស​។ វាមិន​មាន​អត្ថិភាពទេ​នៅ​ក្រោម​ផែនការ​របស់​លោក អូបាម៉ា។ វាគ្រាន់​តែ​ជា​សមត្ថភាព​ជា​ការ​សន្មត់​មួយ​ថា បច្ចេកវិទ្យា​នោះនឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នាពេល​អនាគត។​ ដូច្នេះ យើង​ពិត​ជា​មិន​បាន​បោះ​បង់​អ្វី​ចោល​នោះ​ទេ​។ យើង​នឹង​បោះបង់​ចោលផែនការ​នេះ នាពេល​បច្ចុប្បន្ន​នេះ។
សម្រាប់​ប្រតិកម្ម​តប​ពីដំបូង​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ចំពោះ​វិធានការ​របស់សហរដ្ឋ​អាមេរិក​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​របស់​រុស្ស៊ី បាន​និយាយថា​ គោល​ជំហរ​របស់រុស្ស៊ី​លើ​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​ នៅ​តែ​គ្មានការ​ផ្លាស់ប្តូរ៕
ប្រែសម្រួល​ដោយ លី សុខ​ឃាង
XS
SM
MD
LG