លោក Otto Warmbier និស្សិតមហាវិទ្យាល័យអាមេរិកដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងកាលពីជិតមួយឆ្នាំកន្លះមុនបានស្លាប់ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមគ្រួសារលោកកាលពីរសៀលថ្ងៃច័ន្ទ។
លោក Warmbier បានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញកាលពីសប្តាហ៍មុនដោយមានជំងឺភ្លឹក។ ពួកវេជ្ជបណ្ឌិតនៅទីក្រុង Cincinnati នៃរដ្ឋ Ohio ដែលជាទីក្រុងកំណើតរបស់លោកបាននិយាយថា និស្សិតដែលមានអាយុ២២ឆ្នាំរូបនោះ បានទទួលរងគ្រោះដោយការប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាលខណៈនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែ គេមិនដឹងច្បាស់ពីមូលហេតុអ្វីទេ។
កូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា លោក Warmbier បានធ្លាក់ខ្លួនទៅជាភ្លឹកភ្លាមៗបន្ទាប់ពីលោកត្រូវបានកាត់ទោសកាលពីខែមីនាឆ្នាំទៅពីបទលួចខិត្តប័ណ្ណនយោបាយពីសណ្ឋាគារមួយនៅកូរ៉េខាងជើង។ រដ្ឋាភិបាលបានអះអាងថា យុវជនក្មេងនោះ បានធ្លាក់ខ្លួនទៅជាភ្លឹកបន្ទាប់ពីការពុលអាហារហើយត្រូវបានគេឲ្យលេបថ្នាំងងុយដេក។
ក៏ប៉ុន្តែ ក្រុមគ្រួសាររបស់ Warmbier បានអះអាងម្តងហើយម្តងទៀតថា កូរ៉េខាងជើងបានធ្វើបាប Otto។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចូលរួមរំលែកទុកកាលពីថ្ងៃច័ន្ទដល់ក្រុមគ្រួសារ។លោកប្រធានាធិបតីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «មិនមានសោកនាដកម្មអ្វីសម្រាប់ឪពុកម្តាយជាងការបាត់បង់កូនរបស់របស់ខ្លួនទេ»។ លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ទៀតថា ការស្លាប់នោះបានធ្វើឲ្យមានការតាំងចិត្តដើម្បីរារាំងសោកនាដកម្មនោះនៅថ្ងៃអនាគតនៅក្នុងកណ្តាប់ដៃរបបដែលមិនគោរពនីតិរដ្ឋ ឬមូលដ្ឋាននៃសិទ្ធិមនុស្សនោះ៕