សហរដ្ឋអាមេរិក​ព្យាយាម​ចរចា​រកដំណោះស្រាយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បិទ​រដ្ឋាភិបាល​ម្តងទៀត

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​សភា កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​ជា​ថ្មី​ម្តងទៀត​ដោយសារ​តែ​ជិត​ដល់​ថ្ងៃ​ផុតកំណត់​នៃ​ការ​ផ្តល់​ថវិកា​ចំណាយ​សម្រាប់​ប្រតិបត្តិការ​ប្រមាណ​១ភាគបួន​របស់ខ្លួន​ដែល​នឹងផុត​ត្រឹម​ថ្ងៃសុក្រ​សប្តាហ៍​នេះ។

សំណើ​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​នៅ​ទល់ដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេសម៉ិកស៊ិក​នៅ​តែ​ជា​មូលហេតុ​នៃ​ជម្លោះ​នៅក្នុង​សភា​ដោយ​ក្នុង​នោះ​លោក ប្រធានាធិបតី Donald Trump បាន​ស្នើ​សុំ​ថវិកា​ចំនួន​៥ពាន់៧រយ​លាន​ដុល្លារ​សម្រាប់​សាងសង់​ជញ្ជាំង ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​យល់ព្រម​ផ្តល់​ថវិកា​មួយ​ចំនួន​រួច​ទៅ​ហើយ​ ប៉ុន្តែ​តិចជាង​ចំនួន​ដែល​លោកប្រធានាធិបតី​ចង់​បាន។

កាល​ពី​សប្តាហ៍មុន​សមាជិកសភា​ជាច្រើន​បាន​និយាយ​ថា​ ពួកគេ​កំពុង​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ​ បើទោះបី​ជា​គេ​នៅ​មិន​ទាន់​ច្បាស់​ថាតើ​លោក​ប្រធានាធិបតី​នឹង​ព្រមព្រៀង​ឬ​ក៏​យ៉ាងណា​នោះ។
ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃអាទិត្យ​ សមាជិកព្រឹទ្ធសភា​មក​ពីរដ្ឋ Alabama លោក Richard Shelby
ដែល​ជា​អ្នកដឹកនាំ​គណកម្មាធិការសភា​ខាង​គណបក្សសាធារណរដ្ឋ​ដែល​មាន​សមាជិក​ចំនួន១៧នាក់​ដែល​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិសុខព្រំដែន​បាន​ប្រាប់​សារព័ត៌មាន Fox News ថា កិច្ចចរចា​កំពុង​ជាប់គាំង​នាពេល​ឥឡូវ​នេះ​ ហើយ​លោក​ក៏​គ្មាន​ជំនឿ​ថា​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​អ្វី​ឡើយ។

នាយ​ខុទ្ទកាល័យ​ស្តី​ទី​ប្រចាំ​សេតវិមាន​លោក Mick Mulvaney បាន​ប្រាប់​សារព័ត៌មាន NBC ថា​នឹង​គ្មាន​ការ​បិទ​រដ្ឋាភិបាល​ម្តងទៀត​ឡើយ។ លោក​បាន​និយាយ​បន្ត​ថាវា​អាស្រ័យ​ទៅលើ​ថាតើ​សមាជិក​សភា​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​ថវិកា​សន្តិសុខ​ព្រំដែន​ឬ​យ៉ាង​ណា​ គឺ​វា​អាស្រ័យ​ថា​តើ​អ្នក​អ្នកស្តាប់​អ្នកណា។

លោក Mulvaney បាន​ថ្លែង​បន្ថែម​ថា​ លោកប្រធានាធិបតី​ពិត​ជា​ជឿ​ថា​មាន​វិបត្តិ​សន្តិសុខជាតិ​ និង​វិបត្តិ​មនុស្សធម៌​នៅ​តាមព្រំដែន​ ហើយ​លោក​នឹង​ចាត់វិធានការ​ចំពោះ​បញ្ហា​ទាំងនេះ។ លោក​នឹង​ធ្វើអ្វីៗ​ដែល​លោក​អាច​ធ្វើ​បាន​តាម​អំណាច​ច្បាប់​ដើម្បី​ការពារ​ព្រំដែន៕