លោក Biden ព្រមាន​ថា មនុស្ស​ប្រហែល ២ សែន​នាក់​ទៀត​អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ស.រ.អា

  • Steve Herman

លោក Joe Biden និង​អ្នកស្រី Kamala Harris បាន​ជួបប្រជុំ​តាម​អនឡាញ​ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​អំពី​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក Joe Biden ដែល​គេ​ព្យាករណ៍​ថា ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ថា មនុស្ស​ប្រហែល ២ សែន​នាក់​ទៀត អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ មុន​ពេល​វ៉ាក់សាំង​ត្រូវ​បាន​ផលិត​ឡើង និង​ចែកចាយ​គ្រប់​គ្រាន់។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​ផ្ដល់​យោបល់​អំពី​ជំងឺ​កូវីដ១៩ របស់​ក្រុម​របស់​លោក លោក Biden បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញនៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា «បញ្ហា​ប្រឈម​នៅ​ចំពោះមុខ​យើងនេះ នៅ​មាន​ភាព​ធំធេង​នៅ​ឡើយ និង​កំពុង​កើនឡើង ហើយ​តម្រូវការ​ដើម្បី​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ ក៏​អញ្ចឹង​ដែរ»។

សហរដ្ឋ​អាមេរិក ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ទាំង​អស់​ជាង ១០ លាន​ករណី ដោយមាន​អត្រា​ឆ្លង ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ កំពុង​កើន​ឡើង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins។

ជំនួប​របស់​ក្រុម​ការងារ​ជំងឺ​កូវីដ១៩ របស់​សេតវិមាន​ដែល​ដឹកនាំ​ដោយ​លោក​អនុ​ប្រធានាធិបតី Mike Pence ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ​ កាលពី​ថ្ងៃ​ចន្ទ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ផង​ដែរ ក្រុមហ៊ុន​ផលិត​ឱសថ Pfizer បាន​ប្រកាស​ថា ការ​វិភាគ​ដំបូងៗ​ បង្ហាញ​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្លាំង​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ឃ្លាំមើល​ទិន្នន័យ បាន​រកឃើញ​ថា មិនមាន​ក្ដី​បារម្ភ​ខ្លាំង​ណា​មួយ​រឿង​សុវត្ថិភាព​ទាក់ទិន​នឹង​វ៉ាក់សាំង​របស់​ខ្លួន ដែល​តម្រូវ​ឲ្យ​ប្រើ​ចំនួន ២ ដូស​នោះ​ទេ។ ក្រុមហ៊ុន​ឱសថ Pfizer និង​ក្រុមហ៊ុន BioNTech ដែល​ជាដៃគូ​របស់​ខ្លួន​នៅ​ប្រទេស​អាល្លឺម៉ង់ មាន​គោលបំណង​ដាក់​ពាក្យ​សុំ​ការអនុញ្ញាតិ​ការ​ប្រើ​វ៉ាក់សាំង​នេះ​ក្នុង​គ្រា​អាសន្ន​នៅ​ក្រោយ​សប្តាហ៍​ទី ៣ នៃ​ខែ​វិច្ឆិកា​នេះ។

លោក Biden មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា វ៉ាក់សាំង​នោះ ទោះបីជា​ប្រសិនបើ​ទទួល​បាន​ការ​អនុញ្ញាត​ក៏​ដោយ ក៏​នឹង​មិន​មាន​គ្រប់គ្រាន់​ឲ្យ​បាន​ទូលំទូលាយ​ភ្លាមៗ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ជា​ច្រើន​ខែ ដូច្នេះ​យើង​នៅ​មាន​បញ្ហា​ប្រឈម​ខ្លាំងក្លា​ដែល​ត្រូវ​ដោះស្រាយ៕