​ពន្ធគយ​ថ្មី​លើ​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ចូលជា​ធរមាន​ប៉ុន្តែ​ប្រទេសខ្លះ​ត្រូវ​លើក​លែង

លោក​ប្រធានាធិបតី​ ត្រាំ ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​ ដោយ​ដាក់​ពន្ធគយ​និង​​​រឹតបន្តឹង​ការ​វិនិយោគ​លើ​ប្រទេស​ចិន​ នៅ​សេត​វិមាន កាល​ពី​ថ្ងៃទី​២២ មីនា ២០១៨។

សេតវិមាន​បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នូវ​ឈ្មោះ​ប្រទេស​មួយ​ចំនួន​ដែល​នឹង​ត្រូវ​លើក​លែង​ពន្ធគយ​បណ្តោះ​អាសន្ន​លើ​ដែកថែប ​និង​អាលុយមីញ៉ូម​ដែល​នាំចូល​មក​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​តារាង​ពន្ធគយ​ថ្មី​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​នេះ។

កាល​ពីដើម​ខែ​នេះ​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ប្រកាស​យកពន្ធ​ចំនួន​២៥​ភាគរយ​លើ​ដែក​ថែប​នាំ​ចូល​និង​១០​ភាគរយ​លើ​អាលុយមីញ៉ូម​ដែល​នាំ​ចូល​សហរដ្ឋ​អាមេរិក។​

ប្រទេស​ដែល​ទទួល​បាន​ការ​លើក​លែង​បណ្តោះ​អាសន្ន​មាន​អាហ្សង់ទីន​ អូស្រ្តាលី ប្រេស៊ីល​ កាណាដា ម៉ិកស៊ិក កូរ៉េខាងត្បូង និង​ប្រទេស​សមាជិក​នៃ​សហគមន៍​អឺរ៉ុប។

សេតវិមាន​បាន​និយាយ​ថា ​នឹង​មាន​ការ​ពិភាក្សា​បន្ត​ទៀត​ជាមួយ​នឹង​ប្រទេស​ដែល​ទទួល​បាន​ការ​លើក​លែង​បណ្តោះ​អាសន្ន​ទាំង​នេះ​ ហើយ​នឹង​«តាម​ដាន​មើល​ដោយ​ដិត​ដល់‍»​លើ​ការ​នាំ​ចូល​ដែក​ថែប​ និង​អាលុយមីញ៉ូម​របស់​ពួកគេ។​

លោក​ប្រធានាធិបតី​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃទី​១ ខែ​ឧសភា ថា​តើ​លោ​ក​នឹង​បន្ត​លើក​លែង​សម្រាប់​ប្រទេស​ទាំង​នោះ​ដោយ​ផ្អែក​លើ​«លទ្ធផល​នៃ​ការ​ពិភាក្សា‍»​ជាមួយ​នឹង​ប្រទេស​ទាំង​នោះ។ សហគមន៍​អឺរ៉ុប​នឹង​ចរចា​ជួស​មុខ​ឱ្យ​បណ្តា​ប្រទេស​សមាជិក។​

លោក ​Pierre Moscovici ​ស្នងការ​សហគមន៍​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​លោក ​ត្រាំ ​ដែល​ពន្យា​ការយក​ពន្ធ​គយ​លើ​សមាជិក​សហគមន៍​អឺរ៉ុប។ លោ​កបន្ថែម​ថា​ក្នុង​ពេល​ដែល​ការ​សម្រេច​ចិត្ត​នេះ​តំណាង​ឱ្យ​«ការ​ជឿន​លឿន​ទៅ​មុខ‍»​ ការចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​បន្ត​ទៅ​មុខ៕