ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលដើរថយក្រោយខាងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងខណៈពេលដែលប្រទេសភូមាកំពុងតែបោះជំហានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងសវនាការជម្រាបដល់គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ លោក Scott Busby ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា រូបភាពនៃលទ្ធិប្រជាធិបតេយ្យនៃ តំបន់នេះមានលក្ខណៈចម្រុះដោយសារតែ មានប្រទេសកាន់តែច្រើនជាងមុនអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះមានប្រទេសភូមាជាដើម។
លោកបានបន្ថែមថា៖
«ក្នុងពេលជាមួយគ្នានេះដែរមិនមានដំណឹងល្អទេសម្រាប់ប្រទេសដូចជាថៃ កម្ពុជានិងម៉ាឡេស៊ីដែលយើងមើលឃើញការធ្លាក់ចុះ ថយក្រោយហើយមានពលរដ្ឋរាប់លាននាក់ទៀតនៅក្នុងប្រទេសឡាវ និងវៀតណាមដែលរស់នៅក្រោមរដ្ឋាភិបាលគាបសង្កត់និងផ្តាច់ការ»។
សវនាការនេះកើតមានឡើងស្របពេលដែលកម្តៅ នយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងកាន់តែខ្លាំងដោយសារតែមានការបង្កហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ការបណ្តេញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចេញពីតំណែងអនុប្រធានរដ្ឋសភាជាតិនិងការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ជាដើម។
នៅក្នុងឯកសារផ្លូវការដាក់ជូនព្រឹទ្ធសភា ក្រសួងការបរទេសក៏បានសម្តែងការព្រួយបារម្ភពីការបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខថានឹងមិនមានលក្ខណៈសេរីនិងយុត្តិធម៌ទេដោយសារតែមានការបំភិតបំភ័យអ្នកនយោបាយគណបក្សប្រឆាំង។
ថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកនៅមុនពេលចូលរួមក្នុងសវនាការមួយផ្សេងទៀតរបស់គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាជាតិស្តីពីសិទ្ធិសេរីភាពសារព័ត៌មាន លោកBob Dietz ប្រធានកម្មវិធីប្រចាំតំបន់អាស៊ីនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មានបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាគឺស្ថិតនៅជ្រុំជើងមួយកន្លែងជាយូរហើយ។
«បើនិយាយដោយស្មោះទៅយើងមិនឃើញថាវាដើរថយក្រោយទេគឺវានៅទ្រឹងមួយកន្លែងជាងពីរទសវត្សរ៍ហើយ។ ប្រទេសកម្ពុជាហាក់ដូចជាមិនដើរទៅមុខទេខាងផ្នែកនយោបាយក្នុងការអនុញ្ញាតឱ្យបក្សប្រឆាំងដូចជាលោក សម រង្ស៊ី ធ្វើនយោបាយ»។
លោក សម រង្ស៊ីបន្តស្ថិតនៅក្រៅប្រទេសបន្ទាប់ពីអាជ្ញាធរបានដាក់កម្លាំងនិងត្រៀមលក្ខណៈចាប់ខ្លួនលោកទាក់ទងនឹងបទបរិហារកេរ្តិ៍ ដែលលោកធ្លាប់លើកឡើងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលនៅក្នុងមន្ទីរឃុំឃាំងបឹងត្របែក។
លោក Bob Dietz យល់ថាវិធីដែលអាចជួយជំរុញប្រទេសកម្ពុជាទៅមុខបាននិងដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្នគឺមិនត្រូវទុកឱ្យមនុស្សតែម្នាក់ចាត់ចែងការងារគ្រប់សាច់រឿងទេ។
«ខ្ញុំគិតថាពួកគេត្រូវតែអនុញ្ញាតឱ្យមានគណបក្សប្រឆាំងដោយពិតប្រាកដហើយពួកគេត្រូវតែអនុញ្ញាតឱ្យមានសារព័ត៌មានសេរី ហើយបើអ្នកហៅខ្លួនឯងថាមានលទ្ធិប្រជាធិបតេយ្យដែលមាននាយករដ្ឋមន្ត្រី និងសមាជិកសភាគឺត្រូវតែមានកិច្ចខិតខំប្រឹងប្រែងពិតប្រាកដគឺមិនមែនជាអ្វី ដែលចាត់ចែងដោយបុរសខ្លាំងតែម្នាក់ហើយអ្នកដទៃទៀតរងទុក្ខទេ។ នេះគឺជាអ្វី ដែលកំពុងតែ កើតមានឡើងក្នុងប្រទេសកម្ពុជា»។
ក្រៅពីបណ្តឹងបរិហារកេរ្តិ៍ដែលលោក សម រង្ស៊ី ត្រូវមានទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ តុលាការក្រុងភ្នំពេញក៏បានចេញដីកាថ្មីមួយទៀតកាលពីថ្ងៃសុក្រ កោះហៅរូបលោកឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីក្នុងសំណុំរឿងផ្សព្វផ្សាយឯកសារព្រំដែនក្លែងក្លាយ។ តុលាការបានបង្គាប់ឱ្យលោកចូលខ្លួនបំភ្លឺនៅថ្ងៃទី៤ ខែធ្នូខាងមុខហើយព្រមានថានឹងចេញដីកានាំខ្លួនឬចាប់ខ្លួនបើលោកមិនព្រមចូលតាមការកោះហៅ។
ប្រទេសកម្ពុជាមានស្ថានភាពស្រដៀងគ្នានឹងប្រទេសថៃដែលលំហសេរីភាពសូម្បីសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានរឹតបន្តឹង។ នេះបើតាមការបញ្ជាក់របស់លោក Scott Busby នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
«តំបន់នេះក៏មិនរួចផុតពីការបង្រ្កាបនៅទូទាំងពិភពលោកមកលើអង្គការមិនមែនរដ្ឋាភិបាល ដែរ។ នៅក្នុងប្រទេសថៃក្រុមយោធាបានរឹតត្បិតសិទ្ធិពលរដ្ឋស៊ីវិល ក្នុងនោះសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ចាប់តាំងពីពួកគេកាន់កាប់អំណាចក្នុងខែឧសភាឆ្នាំ២០១៤។ ហើយនៅ ប្រទេសកម្ពុជារដ្ឋាភិបាលបានអនុម័តច្បាប់មួយដែល រឹតត្បិតមិនឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើការដោយសេរី»។
យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងខិតខំប្រឹងប្រែងដើម្បីទាញយកប្រទេសទាំងនោះឱ្យដើរមកត្រូវតាមលទ្ធិប្រជាធិបតេយ្យវិញដោយធ្វើការពង្រឹងលើអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យរដ្ឋាភិបាលធ្វើការប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ ហើយទីបីគឺពង្រីកសិទ្ធិទទួលបានព័ត៌មានសម្រាប់ពលរដ្ឋកាន់តែទូលំទូលាយ៕