អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Kurt Campbell ជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិនលោក Ma Zhaoxu នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ។ ការចរចាគ្នានេះមានគោលដៅរក្សាបណ្តាញទាក់ទងគ្នាដោយចំហដើម្បីបញ្ចៀសកុំឱ្យមានការគិតគូរខុសនិងជម្លោះដោយអចេតនា ជាពិសេសនៅពេលមានភាពតានតឹង។
ទស្សនកិច្ចនេះរបស់លោក Ma Zhaoxu មានឡើងក្រោយដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Antony Blinken ទៅកាន់ក្រុង Shanghai និងក្រុងប៉េកាំងកាលពីខែមេសា។ ពួកមន្ត្រីនិយាយថា ទស្សនកិច្ចនេះមានតពីកិច្ចការទូតខ្លាំងក្លារបស់អាមេរិកជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចាត់ចែងការប្រកួតប្រជែងក្នុងការទាក់ទងគ្នា ទោះជាក្នុងវិស័យនានាដែលប្រទេសទាំងពីរខ្វែងគំនិតគ្នាក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយប្រាប់វីអូអេថា កិច្ចការទូតទល់មុខគ្នាជាមួយប្រទេសចិនគឺដើម្បី «បង្ហាញដោយច្បាស់លាស់និងដោយផ្ទាល់អំពីគោលជំហរនិងបំណងរបស់យើង និងធ្វើឱ្យមានការជឿនលឿនអំពីបញ្ហាបញ្ហាទ្វេភាគី បញ្ហាតំបន់និងបញ្ហាសាកលដែលមានសារៈសំខាន់ដល់ប្រជារាស្ត្រអាមេរិកាំងនិងពិភពលោក»។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបាននិយាយថាលោក Ma ក៏នឹង «ទាក់ទងនិងចរចាជាមួយអ្នកតំណាងវិស័យនានាក្នុងសហរដ្ឋអាមេរិកផងដែរ» នៅក្នុងឱកាសទស្សនកិច្ចរបស់លោកនៅអាមេរិកពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា៕