ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានចាប់ផ្តើមការចរចាជាមួយប្រទេសអ៊ីរ៉ង់អំពីការប្រគល់ចំណាប់ខ្មាំងអាមេរិកាំងយ៉ាងតិច ៥ នាក់ ដែលរដ្ឋាភិបាលអ៊ីរ៉ង់កំពុងឃុំខ្លួន។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ CBS ក្នុងកម្មវិធី« Face the Nation» លោក Sullivan បាននិយាយថា វាគឺជា «អាទិភាពចម្បង» មួយរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋអាមេរិកាំងទាំងនោះអាច «ត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព» ហើយថា ការឃុំឃាំងពលរដ្ឋអាមេរិកាំងទាំងនោះធ្វើឲ្យ [សហរដ្ឋអាមេរិក] មាន «ការខឹងសម្បារយ៉ាងខ្លាំង»។
លោក Sullivan បានបញ្ជាក់ដូច្នេះថា៖ «យើងបានចាប់ផ្តើមទាក់ទងជាមួយប្រទេសអ៊ីរ៉ង់អំពីបញ្ហានេះ»។
លោកបានបន្ថែមថា៖ «យើងនឹងមិនសុខចិត្តទទួលយកសំណើរយៈពេលវែងណាមួយ ដែលពួកគេនៅបន្តឃុំឃាំងពលរដ្ឋអាមេរិកាំងតាមរបៀបខុសច្បាប់និងអយុត្តិធម៌នោះទេ»។
លោក Sullivan បានហៅការឃុំឃាំងដូចនេះថាជា «មហន្តរាយមនុស្សជាតិ»។
អ៊ីរ៉ង់កំពុងឃុំឃាំងពលរដ្ឋដែលមានសញ្ជាតិពីររាប់សិបនាក់ ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកាំងទាំង ៥ នាក់នេះផងដែរ ដែលភាគច្រើនត្រូវបានអ៊ីរ៉ង់ចោទប្រកាន់ពីបទចារកម្ម៕