សហរដ្ឋអាមេរិកបានបោះជំហានវិជ្ជមានបន្ថែមទៀតចំពោះសំណើរបស់អ៊ីរ៉ង់ដែលសុំដោះដូរទណ្ឌិត ចាប់តាំងពីភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសដ៏កម្រនៅក្នុងទីក្រុង Zurich តាមរយៈការសម្រុះសម្រួលរបស់ប្រទេសស្វីស កាលពីថ្ងៃសៅរ៍។
លោក Mohammad Javad Zarif រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់នៅក្នុងចំណោមមន្រ្តីជាច្រើនដែលបង្ហាញការត្រៀមខ្លួនសម្រាប់ការដោះដូរអ្នកទោសបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការដោះដូរកាលពីថ្ងៃសៅរ៍ដែលអ៊ីរ៉ង់ដោះលែងបញ្ញវន្តជនជាតិចិនអាមេរិកាំងឈ្មោះ Xiyue Wang ជាថ្នូរនឹងការដោះលែងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់លោក Masoud Soleimani។
កាលពីថ្ងៃចន្ទលោក Zarif បាននិយាយថា បន្ទាប់ពីទទួលបានចំណាប់ខ្មាំងមកវិញនៅសប្តាហ៍នេះ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រាប់ការដោះដូរអ្នកទោស គឺចាំតែខាងអាមេរិកប៉ុណ្ណោះ។
នៅក្នុងសន្និសីទកាសែតខ្លីមួយនៅក្រសួងការបរទេស លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោកសង្ឃឹមថា ការដោះដូរអ្នកទោសនៅថ្ងៃសៅរ៍នឹងមានលក្ខណៈល្អប្រសើរដើម្បីទទួលបានជនជាតិអាមេរិកាំងដែលជាប់ឃុំនៅក្នុងប្រទេសអ៊ីរ៉ង់មកវិញ៕