សហរដ្ឋអាមេរិក កំពុងដំណើរការដ៏ឆាប់រហ័សទៅតាមសំណើមកពីពលរដ្ឋអាមេរិកាំងដើម្បីនាំចេញកាំភ្លើងនិងគ្រាប់រំសេវទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើតាមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ពលរដ្ឋអាមេរិកាំង កំពុងប្រមូលអាវុធសម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់ពលរដ្ឋរបស់លោកឲ្យការពារប្រទេសចេញផុតពីការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីហើយបានសន្យាផ្តល់អាវុធដល់ពួកគេ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ខ្លួនបានដាក់ការត្រួតពិនិត្យការនាំចេញអាវុធលើប្រទេសរុស្ស៊ីដើម្បី«បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តការឈ្លានពានខាងយោធារបស់ខ្លួន» ហើយពលរដ្ឋអាមេរិកាំង ត្រូវមើលបទបញ្ញតិរបស់ក្រសួងពាណិជ្ជកម្មថាតើអាជ្ញាប័ណ្ណនេះ ត្រូវការដែរឬទេដើម្បីដឹកជញ្ជូនអាវុធទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែន៕