សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នឹង​ដាក់​ប្រព័ន្ធ​ THAAD ​សម្រាប់​កម្ទេច​គ្រាប់​មីស៊ីល

ប្រព័ន្ធ​កម្ទេច​មីស៊ីល THAAD ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ក្នុង​ពេល​សាកល្បង​មួយ ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​អំពី​ផែនការ​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​គ្រាប់​មីស៊ីល ដែល​ហៅ​កាត់​ថា THAAD នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ ដើម្បី​ប្រឆាំង​ទៅ​នឹង​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ដែល​នៅ​តែ​បន្ត​របស់​កូរ៉េ​ខាង​ជើង។

លោក​អគ្គ​មេបញ្ជាការ Thomas Vandal ប្រធាន​បុគ្គលិក​នៃ​កងកម្លាំង​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ និង​លោក​អនុ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង Ryu Je-seung បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យ៉ាង​ដូច្នេះ ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​មួយ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​អគ្គ​មេបញ្ជាការ Vandal បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ការ​បន្ត​ផលិត​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​និង​អាវុធ​ដែល​អាច​កម្ទេច​បាន​ធ្ងន់ធ្ងរ​របស់​កូរ៉េ​ខាង​ជើង​ ដែល​ផ្ទុយ​ទៅនឹង​ការ​ប្តេជ្ញា​របស់​ប្រទេស​នេះ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ តម្រូវ​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​យើង​ធានា​ថា យើង​អាច​រក្សា​សមត្ថភាព​ការពារ​របស់​យើង​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​នេះ»។ ​

កាល​ពី​ខែ​កុម្ភៈ បន្ទាប់​ពី​មាន​ការ​ធ្វើ​សាកល្បង​នុយក្លេអ៊ែរ​ចុងក្រោយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​និង​ការ​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​គ្រាប់​មីស៊ីល THAADនេះ។

ប្រព័ន្ធ THAAD នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ចាប់​និង​កម្ទេច​គ្រាប់មីស៊ីល​បាញ់​ឆ្លង​ទ្វីប ក្នុង​ពេល​ដែល​គ្រាប់​មីស៊ីល​នោះ​ជិត​ចុះ​ទៅ​ដល់​គោលដៅ។ មក​ទល់​នឹង​ពេល​នេះ ប្រព័ន្ធ​កម្ទេច​គ្រាប់​មីស៊ីល​ប្រភេទ​នេះ ធ្លាប់​បង្ហាញ​ប្រសិទ្ធភាព​ចំពោះ​ការ​កម្ទេច​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ចម្ងាយ​ខ្លី និង​មធ្យម​រួច​មក​ហើយ៕