ការគំរាមកំហែងរបស់កូរ៉េខាងជើងក្នុងការដកខ្លួនចេញពីការចរចានុយក្លេអ៊ែរនឹងមិនបន្ថយល្បឿននៃការធ្វើសមយុទ្ធខាងយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងទេ។
ពួកមន្ត្រីមន្ទីរបញ្ចកោណបានបញ្ជាក់ឡើងវិញកាលពីថ្ងៃពុធថា សមយុទ្ធដែលមានឈ្មោះថា Max Thunder and Foal Eagle ដែលជាផ្នែកមួយនៃសមយុទ្ធយោធារដូវផ្ការីកប្រចាំឆ្នាំដែលមានកាលពី៤០ឆ្នាំមុន កំពុងដំណើរការទៅតាមការគ្រោងទុក។
កាលពីអតីតកាល កូរ៉េខាងជើងបានជំទាស់ប្រឆាំងដល់សមយុទ្ធរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថា «ជាការហាត់សមសម្រាប់ឈ្លានពាន»។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយោធាប្រចាំឆ្នាំនោះជាការការពារហើយមិនមែនជាការបង្កហេតុទេ។
លោកវរសេនីយ៍ត្រី Rob Manning អ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា «សមយុទ្ធការពារទាំងនេះជាផ្នែកមួយនៃការហ្វឹកហាត់ជាប្រចាំ និងប្រចាំឆ្នាំរវាងសាធារណរដ្ឋកូរ៉េនិងសហរដ្ឋអាមេរិកដើម្បីធ្វើការប្រុងប្រៀបខាងយោធា។ ខណៈដែលយើងនឹងពិភាក្សាជាក់លាក់ លក្ខណៈនៃការការពារនោះរួមមានសមយុទ្ធដែលបានធ្វើជាច្រើនឆ្នាំមកហើយ ហើយមិនមានអ្វីផ្លាស់ប្តូរទេ»។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា «រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានដកខ្លួនចេញពីការចរចាដែលបានគ្រោងធ្វើឡើងជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល ដោយលើកហេតុផលពីសមយុទ្ធខាងយោធា»៕