កូរ៉េខាងជើងបានប្រារព្ធខួបលើកទី៦៩នៃការបង្កើតប្រទេសរបស់ខ្លួនកាលពីថ្ងៃសៅរ៍ដោយមានការរៀបចំពិធីដ៏អ៊ឹកធឹកនៅពេលដែលសហគមន៍អន្តរជាតិតាមមើលពីការសាកល្បងកាំជ្រួចមីស៊ីលដ៏ខ្លាំងមួយទៀត។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួនបានតាមមើលយ៉ាងដិតដល់ពីសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងជើងនៅពេលមានការទស្សទាយកាន់ខ្លាំងឡើងអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលមួយទៀតដែលអាចជាប់ទាក់ទិនទៅនឹងពិធីនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុកូរ៉េនៅឆ្នាំ១៩៤៨។
នៅដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួនបានឃើញសញ្ញានៃការប្រុងប្រៀបការសាកល្បងកាំជ្រួចមីស៊ីលមួយទៀត ដោយលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Lee Nak-yon បានហៅស្ថានការណ៍នេះថាជាការធ្ងន់ធ្ងរ។ កាលពីរសៀលថ្ងៃសៅរ៍ គេបានឃ្លាំមើលហើយឃើញថា មិនមានការសាកល្បងកាំជ្រួចមីស៊ីលទេ។
កូរ៉េខាងជើងមានប្រវត្តិប្រើប្រាស់បច្ចេកវិទ្យាយោធារបស់ខ្លួនដើម្បីប្រារព្ធថ្ងៃឈប់សម្រាកសំខាន់ៗ។ កាលពីពិធីខួបនេះឆ្នាំមុន កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លែអ៊ែលើកទី៥របស់ខ្លួន។ ការសាកល្បងកាលនោះកើតមានឡើងទើបតែមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះអាវុធនុយក្លេអ៊ែរលើកទី៦របស់ខ្លួនដែលជាការសាកល្បងអាវុធនុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងបំផុត។
លោក James McKeon អ្នកវិភាគគោលនយោបាយប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌលត្រួតត្រាអាវុធក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ VOA ថា លោកមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើកូរ៉េខាងជើងប្រុងប្រៀបការសាកល្បងកាំជ្រួចមីស៊ីលឬអាវុធនុយក្លេអ៊ែរដើម្បីប្រារព្ធថ្ងៃឈប់សម្រាកនៅឆ្នាំនេះនោះ៕