ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ត្បូង​អំពាវនាវ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ជំនួយ​ចំពោះ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទៅ​សួន​ផ្កាកុលាប​ ក្នុង​សេតវិមាន ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទៅ​សួន​ផ្កាកុលាប​ ក្នុង​សេតវិមាន ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

កូរ៉េ​ខាង​ត្បូង​បន្ត​គាំទ្រ​ការបង្កើន​ជំនួយ និង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ថ្វីបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ធ្វើ​ការ​សម្រប​សម្រួល​​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំ​ជ្រួច​មីស៊ីល​នៅ​ក្នុង​ការ​បំពាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏ដោយ។​

ចាប់តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ខែ​ឧសភា​មក លោក​ប្រធា​នាធិបតី Moon Jae-in ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ព្យាយាម​រក្សា​តុល្យភាព​រវាង​ការ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ និង​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាង​ជើងស្វះស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដល់​វិបត្តិ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

បន្ទាប់ពី​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​ប្រតិបត្តិការ​មធ្យម​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ហោះ​រំលង​ដែន​អាកាស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ​មក លោក​ប្រ​ធានាធិបតី Moonបាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយលោកShinzo Abeនាយក​រដ្ឋ​មន្ត្រី​ជប៉ុន។​មេដឹកនាំ​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​ថា ការ​ដាក់​គំនាប​ត្រូវតែ​បង្កើន​រហូត​ដល់​អតិបរមាលើ​កូរ៉េ​ខាង​ជើង​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គ្មាន​ជម្រើស​ហើយ​ត្រឡប់​មក​កាន់​ការ​ចរចា​វិញ។ នេះ​យោងតាម​សេចក្តី​ថ្លែងការណ៍​មក​ពី​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Blue House កាល​ពី​ថ្ងៃ​ពុធ។

លោក Park Su-Hyun អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា «លោក​ប្រធានា​ធិបតី​ Moon ​បាន​មាន​ប្រសាសន៍​ថា ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​វង់​ប្រតិបត្តិការ​មធ្យម​រំលង​ដែន​អាកាសរបស់​ជប៉ុន​មិនមែន​ជា​ការបង្ក​ហេតុ​ធម្មតា​ទេ ​ក៏ប៉ុន្តែ ​ជាសកម្ម​ភាព​ហិង្សា​លើ​ប្រទេស​ជិត​ខាង‍»។

លោក​ក៏បាន​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​ទម្លាក់​គ្រាប់​បែក​ដែល​មាន​យន្តហោះ​ចម្បាំង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដើម្បី​បង្ហាញ​ការ​កើន​ឡើង​នូវការ​ប្រុង​ប្រៀប​ខ្លួន​របស់​កងទ័ព​កូរ៉េខាងត្បូង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កហេតុ​ណាមួយ​ពី​កូរ៉េ​ខាង​ជើង។

ក៏ប៉ុន្តែ ​នៅ​ថ្ងៃ​ដែល​កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ដែល​ជា​ការ​បង្ក​ហេតុ​ចុងក្រោយ​បំផុត ​លោក Cho Myoung-gyon រដ្ឋមន្ត្រី​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ពីភាព​ចាំបាច់​ដើម្បី​បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តាមរយៈ​កម្មវិធី​ជំនួយ​ និង​ការអភិវឌ្ឍ​ដោយ​មិន​គិត​ពី​ស្ថានភាព​នយោបាយ​និង​យោធា។

លោក​រដ្ឋមន្ត្រី Cho និយាយ​ទៀត​ថា «ជំនួយ​ឧបត្ថម្ភ​ដល់​កូរ៉េខាង​ជើង​ជា​កិច្ច​សហ ប្រតិបត្តិការ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​រវាង​កូរ៉េ​ទាំង២ ​ដែល​រួម​វិភាគ​ទានដល់​ការ​រួម​រស់​នៅ​ជាមួយ​គ្នា​និង​សន្តិភាព សន្តិសុខ​ដ៏​ធំ​ទូលាយ​មួយ និង​អនាគត​នៃ​ឧបទ្វីប​កូរ៉េ។ រដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​ការ​មូលមតិ​ជាតិ​សម្រាប់​គំនិត​បែបនេះ‍»។

លោករដ្ឋ​មន្ត្រី​ក្រសួង​បង្រួប​បង្រួម​ជា​វាខ្មិន​ដ៏​សំខាន់​ម្នាក់កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ​ខែសីហា​នៅឯ​សន្និសីទ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​បង្កើន​ជំនួយ​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ដល់​កូរ៉េខាង​ជើង។

មន្ត្រី​អង្គការ​ជំនួយ​និង​ការ​អភិវឌ្ឍ​នៅ​ឯសន្និសីទ​នោះ​បាន​ផ្តល់​អាទិភាព​ដល់​ការបង្កើន​ជំនួយ​ម្ហូបអាហារ​មនុស្ស​ធម៌​និង​ជំនួយ​ខាង​វេជ្ជសាស្ត្រ​ដល់​មនុស្ស​ដែល​កំពុងរស់​នៅ​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង ​រួមមាន​ស្ត្រី និង​កុមារ ហើយ​និង​មនុស្ស​ភាគ​ច្រើន​ដែល​ទំនង​ទទួល​រងគ្រោះមកពី​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចទៅ​លើ​កូរ៉េខាង​ជើង​ចំពោះ​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ។លោក Choi Youngwan ជា​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Gyonggi ក៏បាន​និយាយ​សម្រាល​ពី​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ដែល​បណ្តាលមក​ពី​ការ​ខំប្រឹងប្រែង​របស់​កូរ៉េខាង​ជើង​ដើម្បី​អភិវឌ្ឍន៍​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​វែង។លោក​និយាយ​ទៀត​ថា «រឿង​ស្មុគ្រស្មាញ​គឺ​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​តែ​ព្រូស​មិន​ខាំ​ ហើយ​និង​មិន​ផ្តួចផ្តើម​សង្គ្រាម​នុយក្លេអ៊ែរ​អត្តឃាត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នោះ‍ទេ»។ លោក​និយាយ​ទៀត​ថា នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ​រដ្ឋាភិបាល​គីម ជុង​អ៊ុន ទំនង​ជាមិន​ចុះចាញ់​ទៅ​តាម​ការគៀប​សង្កត់​ទេ។

ពួក​អ្នកគាំទ្រ​ផ្តល់​ជំនួយ​ដល់​កូរ៉េខាង​ជើង​និយាយ​ថា ​ការ​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈ​ពេល​យូរ​ជាយុទ្ធ​សាស្ត្រ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ឡើង​ដល់​ការ​កាត់​បន្ថយការ​តានតឹង ​បញ្ចៀស​ជម្លោះ​ហើយ​និង​ធ្វើ​ឲ្យមាន​បរិយាកាស​ខាង​សន្តិសុខ​ដែល​ត្រូវការ​នៅពេល​នេះ​ដើម្បី​ទាក់​ទាញ​មេដឹកនាំ​កូរ៉េខាង​ជើងឲ្យ​ចូល​ក្នុងការ​ចរចា​បំបាត់អាវុធ​នុយក្លេអ៊ែរ។ ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិនៅ​ពេល​បច្ចុប្បន្ន​នេះ​រឹតត្បិត​មិន​ឲ្យ​កូរ៉េខាងត្បូង​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​ផ្តួចផ្តើម​ផ្តល់​ជំនួយ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​ហើយ​និង​រក​ស៊ី​ជាមួយ​កូរ៉េខាង​ជើង​ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG