សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ។
សមយុទ្ធយោធានេះត្រូវបានកូរ៉េខាងជើងប្រឆាំង ដោយសារតែកូរ៉េខាងជើងយល់ឃើញថា សមយុទ្ធយោធានេះគឺជាការហាត់សមដើម្បីឈ្លានពាន ហើយក្នុងឆ្នាំនេះ សមយុទ្ធយោធានេះត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលកូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់កាំជ្រួចឆ្លងទ្វីបកាលពីខែមុន។
នៅក្នុងបទអត្ថាធិប្បាយមួយលើកាសែត Rodong Sinmun របស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ សរសេរថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in កំពុងតែលេងជាមួយនឹងភ្លើងតាមរយៈការធ្វើសមយុទ្ធយោធានេះ ហើយនិងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េដែលតានតឹងស្រាប់ទៅហើយនោះ កាន់តែធ្ងន់ធ្ងរ។
លោក Moon បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា «ការបន្តបង្ករឿង» របស់កូរ៉េខាងជើង គឺជាអ្វីដែលធ្វើឲ្យសមយុទ្ធយោធានេះចាំបាច់ត្រូវធ្វើឡើង។
សមយុទ្ធយោធានេះគ្រោងនឹងធ្វើឡើងរហូតដល់ថ្ងៃទី៣១ខែសីហា ហើយនិងមានកងកម្លាំងអាមេរិកចំនួន១៧៥០០នាក់ និងកងកម្លាំងយោធាកូរ៉េខាងត្បូងចំនួន៥ម៉ឺននាក់ផងដែរ។
កងកម្លាំងអាមេរិកមានចំនួនតិចជាងកាលពីឆ្នាំមុន។ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកបានមានប្រសាសន៍ថា ការកាត់បន្ថយចំនួនកងកម្លាំងនេះ គឺដើម្បីសម្រួលដល់ភាពតានតឹងជាមួយនឹងកូរ៉េខាងជើង ប៉ុន្តែតាមផែនការ គឺដើម្បីសម្រេចឲ្យបាននូវគោលបំណងនៃការធ្វើសមយុទ្ធយោធានេះ៕