នាវាចម្បាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងសមយុទ្ធការពារគ្រាប់មីស៊ីលបាល្លីស្ទិកនៅថ្ងៃពុធនេះ នៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ ដែលជាការបង្ហាញដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការការពារត្រីភាគី ដែលកើតមានកាន់តែញឹកញាប់ ស្របពេលដែលកូរ៉េខាងជើងបានបង្ហាញនូវភាពគឃ្លើនរបស់ខ្លួនកាន់តែខ្លាំងនោះ។
នាវាពិឃាតអាមេរិក USS Barry ដែលបំពាក់មីស៊ីលប្រភេទ Arleigh Burke បានចូលរួមនៅក្នុងសមយុទ្ធនោះ ជាមួយនាវាពិឃាតរបស់កងកម្លាំងការពារដែនសមុទ្រជប៉ុន និងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។ នេះបើយោងលើសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកពីគ្នារបស់ប្រទេសទាំង៣។
![នាវា JS Atago (DDG-177) របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន USS Barry (DDG 52) របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាត Sejong the Great-class របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលរួមក្នុងសមយុទ្ធត្រីភាគីនៅសមុទ្រជប៉ុន ដែលត្រូវបានគេហៅថាសមុទ្រខាងកើតក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ រូបនេះ ត្រូវបានថតដោយកងកម្លាំងស្វ័យការពារជប៉ុន និងបានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។](https://gdb.voanews.com/30e3abad-761b-4308-a818-d982b2c3d452_cx0_cy4_cw100_w1080_h608_b_s.jpg)
នាវា JS Atago (DDG-177) របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន USS Barry (DDG 52) របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាត Sejong the Great-class របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលរួមក្នុងសមយុទ្ធត្រីភាគីនៅសមុទ្រជប៉ុន ដែលត្រូវបានគេហៅថាសមុទ្រខាងកើតក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ រូបនេះ ត្រូវបានថតដោយកងកម្លាំងស្វ័យការពារជប៉ុន និងបានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់ប្រទេសនិមួយៗ មិនបានលើកឡើងចំឈ្មោះប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលបាល្លីស្ទិកអន្តរទ្វីបកាលពីថ្ងៃសៅរ៍ និងមីស៊ីលចម្ងាយខ្លីកាលពីថ្ងៃចន្ទកន្លងទៅឡើយ។
ទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិកនិយាយថា លំហាត់សមយុទ្ធយោធានេះ «លើកកម្ពស់ដល់សមត្ថភាពនៃកងកម្លាំងរួមគ្នា និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងត្រីភាគីជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងជប៉ុនរបស់យើង»។
សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការត្រីភាគីនេះ បានបង្ហាញពីតម្លៃនិងការតាំងចិត្តរួមគ្នារបស់យើង ប្រឆាំងនឹងប្រទេសណាដែលមានបំណងធ្វើឱ្យគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់»។
ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិជប៉ុននិយាយថា សមយុទ្ធយោធានេះ បានបង្ហាញពី«ការប្តេជ្ញាចិត្តរបស់ប្រទេសទាំង៣ ក្នុងការការពារវិបុលភាពនិងសន្តិសុខរួមរបស់យើង ក៏ដូចជាការពង្រឹងនូវសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលផ្អែកលើប្រព័ន្ធច្បាប់»៕