នៅក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានពន្យារពេលការទាមទាររបស់សហរដ្ឋអាមេរិកនៅក្នុងការចរចាឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់ម្ដងហើយម្ដងទៀតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានអាយុកាល ៥ ឆ្នាំនេះ ថាជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយ ដែលបានបង្កឲ្យមាននូវឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិកចំនួន ២៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុន។
លោក Trump ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោកអាចមានជម្រើសពីរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺអាចចរចាឡើងវិញ ឬក៏បញ្ចប់កិច្ចព្រមព្រៀងនេះតែម្ដង។
ដោយសារការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជំនួបពិភាក្សាពិសេសដំបូងមួយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ តាមរយៈការធ្វើសន្និសីទតាមវីដេអូ រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Kim Hyun Chong និងអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Robert Lighthizer ដើម្បីចរចាអំពីចំណុចមួយចំនួនដែលត្រូវកែប្រែនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
បន្ទាប់មក លោករដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា ភាគីទាំងពីរមិនមានការឯកភាពគ្នាលើតម្រូវការក្នុងការកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទេ។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែរក្សាគោលជំហររបស់ខ្លួនថា ឱនភាពពាណិជ្ជកម្មទ្វេភាគីនេះ គឺមិនមែនបណ្ដាលមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះទេ ប៉ុន្តែគឺបណ្ដាលមកពីសេដ្ឋកិច្ចមិនសូវល្អរបស់ប្រទេសកូរ៉េខាងត្បូង ដោយសារតែតម្រូវការសម្រាប់ការនាំចូលមានការធ្លាក់ចុះ ដែលផ្ទុយពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលមានលក្ខណៈរឹងប៉ឹងជាងសេដ្ឋកិច្ចកូរ៉េខាងត្បូង៕