កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីអ៊ីរ៉ង់ជាច្រើននាក់ រួមមានអគ្គរដ្ឋអាជ្ញានិងមន្ត្រីយោធាសំខាន់ៗ ដោយសារការបង្ក្រាបបាតុកម្មបណ្តាលមកពីការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្ម លោក Mohammad Montazeri អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់លោកថាបានចេញសេចក្តីណែនាំទៅតុលាការ កាលពីខែកញ្ញាឱ្យកាត់ទោសធ្ងន់ធ្ងរមនុស្សច្រើននាក់ក្នុងបណ្តាក្រុមជនត្រូវបានចាប់ខ្លួននៅពេលធ្វើបាតុកម្ម។
ក្រុមហ៊ុនអ៊ីរ៉ង់ Imen Sanat Zaman Fara ដែលក្រសួងហិរញ្ញវត្ថុអាមេរិកាំងបាននិយាយថាបានផលិតគ្រឿងឧបករណ៍សម្រាប់កងកម្លាំងប៉ូលិសអ៊ីរ៉ង់មានរួមរថពាសដែកដែលត្រូវបានប្រើប្រាស់ក្នុងការបង្ក្រាបហ្វូងបាតុករ ក៏បានរងទណ្ឌកម្មនេះដែរ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ពីរនាក់នៃកងកម្លាំងតស៊ូ Basij នៃប្រទេសអ៊ីរ៉ង់ ដែលជាកងជីវពលមួយមានចំណងទាក់ទងជាមួយកងឆ្មាំបដិវត្តន៍ដែលត្រូវបានដាក់ពង្រាយយ៉ាងច្រើននៅពេលមានការបង្ក្រាបទាំងនោះ និងមន្ត្រីពីរនាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាមផងដែរ។
ចំណាត់ការនេះជាវិធានការថ្មីៗបំផុតក្នុងចំណោមសកម្មភាពមួយចំនួនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើលើពួកមន្ត្រីអ៊ីរ៉ង់ដោយសារការបង្ក្រាបរបស់អាជ្ញាធរអ៊ីរ៉ង់លើចលាចលបណ្តាលមកពីការស្លាប់របស់នាង Amini ដែលជាស្ត្រីអ៊ីរ៉ង់វ័យក្មេងម្នាក់ អំបូរ Kurd នៅក្នុងការឃុំឃាំងរបស់ពួកប៉ូលិសសីលធម៌កាលពីខែកញ្ញា។
បាតុកម្មទាំងនេះដោយប្រជារាស្ត្រអ៊ីរ៉ង់គ្រប់ស្រទាប់វណ្ណៈជាការប្រឆាំងខ្លាំងមួយដល់របបគ្រប់គ្រងយកសាសនាជាធំនេះចាប់តាំងពីបដិវត្តន៍ឥស្លាមកាលពីឆ្នាំ ១៩៧៩ មក។ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់បណ្តាប្រទេសមហាអំណាចលោកខាងលិចថាបានញុះញង់ឱ្យមានចលាចលនោះ ដែលកងកម្លាំងសន្តិសុខបានបង្ក្រាបដោយអំពើហិង្សាដ៏ប្រល័យ៕