សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមអ៊ីរ៉ង់ចំនួន ១៨ ដែលខ្លួនបានចោទប្រកាន់ថា បានគាំទ្រកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ទោះបីជាបន្ទាប់ពីសហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការឡើងវិញអំពីការណ៍ដែលប្រទេសអ៊ីរ៉ង់អនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក៏ដោយ។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សកម្មភាពរបស់អ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា «ប៉ះពាល់ដល់ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់»។
ក្រសួងការបរទេសអាមេរិកបានដាក់ទណ្ឌកម្មដល់ក្រុមចំនួន ២ ដែលមានទំនាក់ទំនងជាមួយនឹងក្រុម Revolutionary Guards កំពូលៗនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងការបរទេសអាមេរិកបានបន្ថែមថា ក្រុមទាំងនេះមានជាប់ពាក់ព័ន្ធជាមួយនឹងការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ផ្លោងមីស៊ីល និងការសាកល្បងបង្ហោះគ្រាប់មីស៊ីល។
ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៧ និងបុគ្គល ៥ នាក់ផ្សេងទៀត ដោយសារតែពួកគេបានគាំទ្រការទិញអាវុធយោធារបស់អ៊ីរ៉ង់ ក៏ដូចជាដាក់ទណ្ឌកម្មលើបុគ្គលអ៊ីរ៉ង់ ៣ នាក់ផ្សេងទៀត ដោយសារតែពួកគេជាផ្នែកមួយនៃ «អង្គការឧក្រិដ្ឋកម្មឆ្លងប្រទេសដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់» ផងដែរ។
ការដាក់ទណ្ឌកម្មទាំងនេះ គឺធ្វើឡើងដោយផ្អឹបទុកនូវទ្រព្យសម្បត្តិណា ដែលជនជាតិអ៊ីរ៉ង់ដែលជាគោលដៅអាចមាននៅក្នុងសហរដ្ឋអាមេរិក និងបានរារាំងជនជាតិអាមេរិកាំងមិនឲ្យធ្វើអាជីវកម្មជាមួយពួកគេ៕