មន្ត្រីសេតវិមានប្រធានាធិបតី និងមន្ត្រីសភាអាមេរិកនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអាទិត្យនេះ ដើម្បីបន្តពិភាក្សារកវិធីបញ្ចប់ការបិទរដ្ឋាភិបាលមួយផ្នែក ដែលបានប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់សែននាក់។
ការបិទរដ្ឋាភិបាលនេះបានចូលដល់សប្ដាហ៍ទី ៣ ហើយ។
ចំណុចសំខាន់នៃការពិភាក្សានេះគឺបញ្ហាសន្តិសុខព្រំដែន។ លោកប្រធានាធិបតី Donald Trump នៅតែទាមទារថវិកាចំនួន ៥ ពាន់ ៦ រយលានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដើម្បីរារាំងជនចំណាកស្រុកគ្មានក្រដាសស្នាមមិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានប្ដេជ្ញាថា នឹងមិនផ្ដល់ថវិកាណាមួយដល់លោក Trump ទាក់ទិននឹងរឿងសាងសង់ជញ្ជាំងព្រំដែននោះទេ។ ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានហៅរឿងជញ្ជាំងព្រំដែននេះថាជារឿង «អសីលធម៌»។
លោក Trump បានសរសេរនៅលើ Twiiter កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញថា លោកនឹងទៅមូលដ្ឋានយោធា Camp David នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីសន្តិសុខព្រំដែន និងប្រធានបទផ្សេងទៀត ជាមួយនឹងមន្ត្រីកំពូលៗ។
ក្រុមមេដឹកនាំសភា និងមន្ត្រីសេតវិមានបានពិភាក្សាកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីព្យាយាមបញ្ចប់ការបិទរដ្ឋាភិបាលមួយផ្នែកនេះ។ ការពិភាក្សានេះបានបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ដោយគ្មានទទួលបានលទ្ធផលជាផ្លែផ្កាអ្វីនោះទេ។
បុគ្គលិករដ្ឋាភិបាលសហព័ន្ធប្រហែល ៨ សែននាក់ ត្រូវបានបញ្ឈប់ពីការងារបណ្ដោះអាសន្ន ឬក៏ធ្វើការដោយគ្មានប្រាក់បៀវត្សរ៍។ អ្នកដែលធ្វើការនឹងទទួលបានប្រាក់បៀវត្សរ៍វិញ នៅពេលដែលរដ្ឋាភិបាលបើកឡើងវិញ៕