ប៉ូលិស​អាមេរិក គ្រោង​នឹង​ឆ្មក់​ចូល​ផ្ទះ​ជន​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​ចំនួន​៩

មនុស្សម្នា​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​អនវុត្ត​ច្បាប់​អន្តោប្រវេសន៍​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក នៅ​ក្នុង​សង្កាត់ Manhattan បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​គយ​ ឬ​ហៅ​កាត់​ប៉ូលិស ​ICE ​កាល​ពី​ថ្ងៃ​អាទិត្យ​គ្រោង​នឹង​បើក​ការ​ឆ្មក់​ចាប់​ខ្លួនជន​អន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

យុទ្ធនាការ​ដែល​ត្រូវ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដោត​ទៅ​លើ​គ្រួសារ​ជន​អន្តោប្រវេសន៍​រាប់​រយ​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន​៩​រួម​ទាំង​ទីក្រុង​ឈីខាហ្គោ ឡូអានជេឡេស និង​ទីក្រុង​ញូវយ៉ក​ផង​ដែរ។

លោក​ត្រាំ បាន​មាន​ប្រសាសន៍​ថា «‍ប្រជាជន​នាំ​គ្នា​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុសច្បាប់។ យើង​កំពុង​នាំ​ពួកគេ​ចេញ​ទៅ​វិញ​ដោយ​ស្របច្បាប់»។

ប៉ូលិស​ ICE នឹង​តម្រង់​គោលដៅ​ភាគច្រើន​ទៅ​លើ​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​បង្ក​គ្រោះថ្នាក់។

នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​គយ (ICE) គឺ​លោក Matthew Albence មាន​ប្រសាសន៍​ថា ជន​អន្តោប្រវេសន៍​ដែល​ភ្នាក់ងារ​របស់​លោក​កំពុង​តាម​រក​ចាប់ខ្លួន​ទាំង​នេះ កំពុង​តតាំង​នៅ​តុលាការ​អន្តោប្រវេសន្ត។

ការ​ឆ្មក់​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ដោយ​រដ្ឋបាល​ដឹកនាំ​ដោយ​លោក​ត្រាំ​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​បោះឆ្នោត ដែល​បានបោះឆ្នោត​ឱ្យ​លោក ដោយសារ​លោក​បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​បង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕