ក្រោយពេលអាជ្ញាធរអន្តោប្រវេសន៍អាមេរិក បានចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន៣៧ នាក់ដែលធំដឹងក្តីនៅអាមេរិកនោះ មកកាន់ប្រទេសកម្ពុជាវិញដោយបង្ខំ អង្គការសិទ្ធិ មនុស្ស Human Rights Watch បានចាត់ទុកថា នេះជាទង្វើមិនសមរម្យ។
អង្គការនេះបាននិយាយថា៖ «ការចាប់បញ្ជូនគឺពិតជារឿងមិនសមរម្យទេ។ វាហាក់ដូចជាពួកគេរងការដាក់ទោសទណ្ឌទ្វេដងចំពោះបទព្រហ្មទណ្ឌដែលបានប្រព្រឹត្តក្នុងប្រទេសអាមេរិក ដោយដំបូងត្រូវជាប់គុកហើយបន្ទាប់មកត្រូវនិរទេសខ្លួនមួយជីវិតដោយបង្ខំ បែកពីគ្រួសារ និង អ្វីៗដែលគេយល់ដឹងក្នុងជីវិតរបស់គេទៀត»។
អង្គការនេះ បានទទូចដល់អាជ្ញាធរអនុវត្តច្បាប់អាមេរិកដូចជា អាជ្ញាធរអន្តោប្រវេសន៍ និងគយអាមេរិក ហៅថា ICE ឲ្យមានការគិតពិចារណាឡើងវិញចំពោះទំនាក់ទំនង ជនទាំងនោះ ក្នុងប្រទេសអាមេរិក ហើយសើរើគោលនយោបាយសិទ្ធិមនុស្ស និង មនុស្សធម៌នេះ។
រដ្ឋាភិបាលប្រទេសកម្ពុជាធ្លាប់ត្រូវរងទណ្ឌកម្មកាលពីឆ្នាំ២០១៧ដោយសារតែផ្អាកការទទួលយកជនជាតិខ្មែរ ដែលត្រូវចាប់បញ្ជូនពីអាមរិក គឺរងគ្រោះដោយការផ្អាកទិដ្ឋាការឬ Visa សម្រាប់មន្ត្រីរដ្ឋាភិបាលផង ហើយគម្រោង មួយចំនួន ក៏ត្រូវព្យួរផងដែរ តែក្រោយមក ត្រូវបានបន្តជាធម្មតាវិញបន្ទាប់ពីមានការជួបប្រជុំជា ច្រើនរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង មន្ត្រី ក្រសួងការបរទេសអាមេរិក។ ភាគច្រើននៃជនដែលត្រូវគេចាប់បញ្ជូនពីអាមេរិកទៅ កម្ពុជាទាំងនោះជាក្មេង ដែលបានកើតនៅក្នុងជំរំជាយដែនខ្មែរថៃ ដែលបានគេចខ្លួនពី របបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០៕