នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន អាជ្ញាធរបានដាក់បម្រាមគោចរមួយថ្ងៃមួយយប់រហូតដល់ព្រឹកថ្ងៃចន្ទ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចូលទៅដល់ទីក្រុង។
កាលពីព្រឹកថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្វះស្វែងធានាចំពោះប្រជាពលរដ្ឋរបស់លោកថា លោកនៅតែស្ថិតនៅក្នុងរដ្ឋធានីកៀវ និងបានស្នើប្រជាពលរដ្ឋឱ្យនៅបន្តនៅក្នុងរដ្ឋធានីនិងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Zelenskyy បានថ្លែងថា៖ «ខ្ញុំនៅទីនេះ។ យើងនឹងមិនដាក់អាវុធចុះទេ។ យើងនឹងការពារប្រទេសរបស់យើង ដោយសារតែអាវុធរបស់យើងគឺការពិត ហើយការពិតរបស់យើងគឺថា នេះគឺជាទឹកដីរបស់យើង ប្រទេសរបស់យើង កូនចៅរបស់យើង។ យើងនឹងការពារទាំងអស់នេះ»។
លោក Zelenskyy បានបង្រួបបង្រួមពលរដ្ឋអ៊ុយក្រែនឱ្យគាំទ្រលោក។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនលោក William Taylor។
លោក Taylor បាននិយាយថា៖ «លោក [Zelenskyy] បានឈានទៅមុខ ងើបឡើង ដឹកនាំប្រទេសរបស់លោក។ ប្រជាពលរដ្ឋគាំទ្រលោកពីក្រោយ។ ទាំងថ្នាក់ដឹកនាំគណបក្សប្រឆាំង ទាំងសង្គមស៊ីវិល និងទាំងយោធា គឺពិតជាមានមោទនភាពដែលលោកបានដឹកនាំ»។
ស្របពេលនេះដែរ កាលពីថ្ងៃសៅរ៍ អ្នកតវ៉ាប្រឆាំងសង្គ្រាមរាប់រយនាក់ដែលមិនខ្លាចការចាប់ខ្លួន បានតវ៉ានៅក្នុងទីក្រុង Yekaterinburg និងទីក្រុងផ្សេងៗទៀតក្នុងប្រទេសរុស្ស៊ី ដោយបន្ទរពាក្យថា «មិនត្រូវការសង្គ្រាម!»។
រឿងនេះបង្ហាញឱ្យឃើញថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងចាញ់ភាគីផ្នែកព័ត៌មានសាធារណៈនៃសង្គ្រាមនេះ។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់លោក Bill Browder នៃយុទ្ធនាការយុត្តិធម៌ Magnitsky សាកលលោក (Global Magnitsky Justice Campaign)។
លោក Browder ថ្លែងដូច្នេះថា៖ «ឥឡូវនេះ ប្រទេសធំៗទាំងអស់បានដាក់ទណ្ឌកម្មលើលោក Putin ហើយប្រជាពលរដ្ឋរុស្ស៊ីមិនសប្បាយចិត្តនឹងរឿងនេះទេ។ យើងឃើញមានបាតុកម្មបន្តធ្វើនៅក្នុងប្រទេសរុស្ស៊ី។ អ្នកការពារ [លោក Putin] ទាំងអស់នៅបស្ចិមប្រទេស អ្នកដែលលោក Putin បានបណ្ដុះនិងចំណាយប្រាក់ទៅលើទាំងអស់ គឺបានបោះបង់លោកចោលម្ដងម្នាក់ៗហើយ។ ខ្ញុំចង់មានន័យថា ឥឡូវនេះ លោក Putin គឺពិតជាឯកោទាំងស្រុង។ សូម្បីតែប្រទេសចិន ដែលគាំទ្រលោកនៅក្នុងរឿងនេះ ក៏កំពុងព្យាយាមរក្សាគម្លាតពីលោកផងដែរ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាចំនួន ៣៥០ លានដុល្លារបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីជួយឱ្យអ៊ុយក្រែនការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកអតីតឯកអគ្គរដ្ឋទូត Taylor ទទួលស្វាគមន៍វិធានការនេះ។
លោក Taylor បញ្ជាក់ដូច្នេះថា៖ «ជំនួយផ្នែកអាវក្រោះក្នុងទឹកប្រាក់ ៣៥០ លានដុល្លារបន្ថែមទៀតនេះគឺចាំបាច់ដើម្បីការពារប្រជាពលរដ្ឋដែលកំពុងត្រូវការអាវុធបាញ់រថក្រោះ ដូចជាមីស៊ីល Javelin សម្រាប់បាញ់យន្តហោះ និងមីស៊ីលបាញ់ពីលើស្មាជាដើម»។
មន្ត្រីក្រសួងការពារជាតិអាមេរិកបាននិយាយថា កន្លងមក អ៊ុយក្រែនបាញ់ប្រយុទ្ធតបតទៅវិញខ្លាំងក្លាជាងអ្វីដែលរុស្ស៊ីបានរំពឹងទុកទៅទៀត៕
ប្រែសម្រួលដោយលោក ភី សុភាដា