សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​​មនុស្ស​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

គណៈប្រតិភូ​សភា​អាមេរិក​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​​ លោក Edward Markey ជួប​ជាមួយ​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២២។ (Twitter/Ed Markey)

ក្រោយ​ពី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​នា​សប្តាហ៍​នេះ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Edward Markey បាន​ជំរុញ​កម្ពុជា​សម្រេច​ឱ្យ​បាន​នូវ​ការ​សន្យាតាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​ ១៩៩១ ដោយ​ឈរ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​វីអូអេ​ទទួល​បានកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Markey ​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​កម្ពុជា​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​ការ​សន្យា​ដែល​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ​ ១៩៩១ និង​ប្រកាន់​យក​សេរី​ភាព​សម្តែង​មតិ​ សិទ្ធិ​មនុស្សនិង​នយោបាយ...»។

លោក​លើកឡើង​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​ត្រូវ​បញ្ឈប់​ការបង្ក្រាប​ទៅលើបក្ស​ប្រឆាំង ដោយ​ត្រូវ​អនុ​ញ្ញាត​មក​វិញ​នូវ​សេរីភាព​នៃ​ការ​សម្តែង​មតិ និង​សេរីភាព​សារ​ព័ត៌មាន។

គ្រា​ក្នុង​ប្រទេស​កម្ពុជា លោក ​Markey ក៏​បាន​ជួប​ជាមួយ​អតីត​មេដឹក​នាំ​គណ​បក្ស​ប្រឆាំងលោក កឹម សុខា​ កាល​ពី​ថ្ងៃ​ទី ១៦ ​ខែ​សីហា ផង​ដែរ។ លោក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​រាល់​បទ​ចោទ​លើ​លោក កឹម សុខា កញ្ញា សេង ធារី និង​អ្នក​ទោសនយោបាយ​ផ្សេង​ទៀត​ ដើម្បី​អាច​ឱ្យ​ពួក​គេចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ ដោយ​សេរី។ បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ លោក Markey អះអាង​ថា​ ការ​ចោទ​ប្រកាន់លើ​លោក កឹម សុខា គឺ​ក្រោម​ហេតុ​ផល​នយោបាយ។

កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ភាព​ក្លា​ហាន ​និង​ឆន្ទៈ​របស់​លោក ​កឹម ​សុខា ​ដែល​បន្ត​ក្រោកឈរ​ឡើង ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ បើ​ទោះ​បី​ជា​មាន​ការ​យាយី​ពី​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក [លោក កឹម សុខា] គួរ​តែ​ទម្លាក់​ចោទ​ជា​បន្ទាន់​ ហើយ​លោក​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​បាន​អនុញ្ញាត​ឱ្យចូល​រួម​ ដោយ​សេរី​ក្នុង​ដំណើរការ​បោះ​ឆ្នោត»។

​លោក Edward Markey បាន​ដឹក​នាំគណៈ​ប្រតិ​ភូ​សភា​អាមេរិក​ចំនួន ​៤ ​រូបផ្សេង​ទៀត មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ១៦ និង​ទី ១៧​ ខែសីហា ដោយ​បានជួប​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយបាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស នយោបាយ លទ្ធិ​ប្រជាធិបតេយ្យ ការ​បង្កើន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ហា​នៅ​មូលដ្ឋាន​កងទ័ព​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

កាល​ពី​ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​អាមេរិក​ លោក Edward Markey បាន​ស្នើ​សេចក្តី​ស្នើ​ច្បាប់ S-3052 ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គោលបំណង​លើក​កម្ពស់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​តម្រូវ​ឱ្យ​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​ និង​ដកហូត​ទិដ្ឋាការ​ដែល​មាន​ស្រាប់។


លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ថ្លែង​ថា ​រដ្ឋាភិ​បាល​កម្ពុជា​ប្រហែល​ជា​មិន​មាន​ការឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារឱ្យគោរព​នូវកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ទេ ​ព្រោះ​រដ្ឋាភិបាល​ធ្លាប់​ថា​ កិច្ចព្រមព្រៀង​នេះ​បានចប់​រួច​ហើយ។

លោក​បាន​ថ្លែង​បន្ត​ថា ទាក់​ទង​នឹង​ការ​ទាម​ទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​គណបក្ស​ប្រឆាំង​នោះ គណ​បក្ស​កាន់​អំណាច​ទំនង​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ និង​អាចខ្លាច​ប៉ះ​ពាល់​ដល់​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត​ នា​ពេល​អនាគត។

លោក​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ឬ​ក៏​កម្ពុជា​ឆ្លើយ​តប​កង្វល់​របស់​សហគមន៍​អន្តរ​ជាតិ​ ដែល​មាន​ប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ មាន​តំណាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជា​ដើម​ ដែល​ជួប​លោក កឹម សុខា នេះ ខ្ញុំ​គិត​ថា​ វា​ប្រហែល​ជា​អាច​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​គណបក្ស​កាន់​អំណាច​ ពាក់ព័ន្ធ​ការ​គាំទ្រ​សម្រាប់​គណបក្ស​កាន់​អំណាច​ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ ​ខាង​មុខ ហើយ​ក៏​អាច​បារម្ភ​ទៅ​លើ​ស្ថិរភាព​នៃ​ការ​ផ្ទេរ​អំណាច​របស់​គណបក្ស​កាន់​អំណាច ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ​ដែរ»។

ប៉ុន្តែ​លោក​លើក​ឡើង​ថា​ អ្នក​នយោបាយ​កម្ពុជា​គួរ​តែ​ផ្សារ​ភ្ជាប់​ជាមួយ​គោលការណ៍​ច្បាប់​ដែលកម្ពុជា​បាន​ផ្តល់​សច្ចាប័ន ដោយ​មិន​គួរ​ត្រូវ​គិត​ពី​ក្រុម​គ្រួសារ​ ឬ​បក្ស​ពួក​ខ្លួន​ជា​ធំ ដែល​ធ្វើឱ្យ​កម្ពុជា​អាច​បាត់​បង់​ប្រយោជន៍​ពី​ទំនាក់​ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ បើ​សិន​ជា​ភាគី​កម្ពុជា​មិន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់ ឬក៏​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​ទេ ហើយ​សហគមន៍​អន្តរ​ជាតិ អង្គការ​សហ​ប្រជាជាតិ​ទេ កម្ពុជា​អាច​ប្រឈម​ទៅ​នឹង​ការ​ខាតបង់ ​ឬ​បាត់​បង់​ការ​គាំទ្រ​...ទី​មួយ ​ពាក់​ព័ន្ធ​នយោបាយ​ការទូត​ នយោបាយ​ការ​បរទេស​របស់​ខ្លួន។ ទីពីរ ​ពាក់​ព័ន្ធ​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អន្តរ​ជាតិ​មាន ​GSP ពី​សហរដ្ឋ​អាមេរិក ហើយ​ EBA​ ពី​សហគមន៍​អឺរ៉ុប​ជា​ដើម អាច​ប្រឈម​នឹង​ការ​បាត់​បង់​ច្រើន​ជាង​នេះ»។


លោក​ ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា សង់ត្រាល់ កត់​សម្គាល់​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​បំពេញ​នូវ​កាតព្វកិច្ច​ខ្លួន​គ្រប់​គ្រាន់ នៅ​ក្នុង​ការ​ធានា​បើក​លម្ហ​ផ្នែក​នយោបាយ​ទេ​ ព្រោះការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​នយោបាយ ការ​លើក​កម្ពស់​សិទ្ធិ​នយោបាយ​ នៅតែ​ជា​បញ្ហា​ប្រឈម។

លោក​ថ្លែង​បន្ថែម​ថា ​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​នយោបាយ​ គឺ​ជា​ការ​ជាប់​គាំង​នយោបាយ​ដ៏​ធំ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ដោះស្រាយ ហើយ​រដ្ឋាភិបាល​ត្រូវ​តែធានា និង​ជំរុញ​ឡើង​វិញ​នូវ​លម្ហ​នយោបាយ​ ដើម្បី​ធានា​ដល់ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ និង​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​មើល​ឃើញ​ពី​ឆន្ទៈ​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំ​គិត​ថា ​ចង់​មិន​ចង់​ ប្រទេស​កម្ពុជា​ត្រូវ​ដើរ​តួនាទី​មួយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​នៅ​ក្នុង​កម្រិត​យន្តការ​អន្តរជាតិ​នៅ​តំបន់​ហ្នឹង​ ធានា​ថា​ ខ្លួន​ពិត​ជា​បាន​ផ្តល់​នូវ​យន្តការ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ។ ​ហើយ​ការ​ដោះ​លែង​នៃ​សកម្មជន​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​នេះ ខ្ញុំ​គិត​ថា ​វា​ជា​ជំហាន​មួយ​ដែល​វិវឌ្ឍ តែ​ធ្វើ​បាន​ ឬ​មិន​បាន​ វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណឹង»។

លោក ​ជិន ម៉ាលីន ​អនុ​ប្រធាន​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្ហោះ​វីដេអូ​មួយ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី ១៧ ខែ​សីហា​នេះ អំពីលម្ហ​សេរីភាព​នៅ​កម្ពុជា ដោយ​អះអាង​ថា ​កម្ពុជា​មិន​បាន​បិទ​សិទ្ធិ​សេរីភាព ឬ​សិទ្ធិ​នយោបាយ​អ្វី​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អាមេរិក​មក​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​ទាំង​ ៥ ​រូប​នេះ​បាន​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅ​កោះ​តៃវ៉ាន់ ដែល​កំពុង​ប្រឈម​ភាព​តាន​តឹង​ទាំង​ផ្នែក​ការ​ទូត និង​យោធា។ ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​មកពី​គណ​បក្ស​ធំៗ​ពីរ​របស់​សហរដ្ឋ​អាមេរិក​ ទៅ​កាន់​តំបន់​អាស៊ី៕