ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​សភាអាមេរិក​ជួប​មន្ត្រី​កម្ពុជា​ និង​ក្រុម​សង្គម​ស៊ីវិល​​ រឿង​ស្ថានការណ៍​កម្ពុជា


គណៈប្រតិភូ​សភា​អាមេរិក​ដែលដឹកនាំ​ដោយ​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពី​​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts ជួប​ជាមួយ​នឹង​មន្ត្រី​សង្គម​ស៊ីវិល​កម្ពុជា​ដើម្បី​ស្វែងយល់​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២។ (Facebook/Chak Sopheap)

ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​ទៅ​កាន់កោះ​តៃវ៉ាន់​ ដែល​កំពុង​ប្រឈម​ភាព​តានតឹង​ជាមួយ​ចិន គណៈប្រតិភូ​សភា​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​តំណាង​សភា និង​ក្រុម​អ្នក​ដឹកនាំ​មកពី​សង្គមស៊ីវិល។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន។

សេចក្តី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ ទី ១៦​ ខែសីហា​បានឲ្យដឹង​ទៀត​ថានៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​សភាកម្ពុជា​ គណៈប្រតិភូ​សភា​អាមេរិក​ដែលដឹកនាំ​ដោយ​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរទស្សនកិច្ច​មក​កាន់​កម្ពុជា​ថា ដើម្បី​«ពង្រឹង​កិច្ច​សហប្រតិបត្តិការ»​ជាមួយ​កម្ពុជា។

គណៈប្រតិភូ​សភា​អាមេរិក​និង​មន្ត្រី​កម្ពុជា បាន​ពិភាក្សា​គ្នា​អំពី​ការ​វិវត្ត​ទៅ​មុខ​នៃ​ដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តួនាទី​របស់​កម្ពុជា​ក្នុង​នាម​ជា​អាស៊ាន កិច្ច​ប្រឹងប្រែង​កម្ពុជា​ក្នុង​ការ​រក​ដំណោះស្រាយ​ដល់​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ​ភាព​ចម្រូងចម្រាស​អំពី​សកម្មភាព​របស់​យោធា​ចិន​នៅ​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ ស្ថានភាព​សិទ្ធិមនុស្ស​និង​នយោបាយ​នៅ​កម្ពុជា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។

សេចក្តី​ប្រកាស​ដដែល​នោះ ឲ្យ​ដឹង​ថា គណៈប្រតិភូ​សភា​អាមេរិក​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះការ​ចាប់ឃុំ​ខ្លួន និង​កាត់ទោស​សកម្មជន​នយោបាយ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន​កញ្ញា ​សេង ធារី ដែល​ជា​មេធាវី​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ និង​សកម្មភាព​ចិន​នៅ​មូលដ្ឋានយោធាជើងទឹក​រាម។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ជា​ការ​ឆ្លើយតប ​តំណាង​សភា​កម្ពុជា​និង​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ម្តងទៀត​ថា កម្ពុជា​ប្រកាន់​នូវ​ជំហរ​អធិបតេយ្យភាព​ដែនដី ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ដោយឡែក មន្ត្រី​កម្ពុជា​ក៏​បាន​បញ្ជាក់នៅ​ចំពោះមុខ​គណៈប្រតិភូ​សភាអាមេរិក​ថា ការ​ចាប់​ឃុំ​ខ្លួន ​ចោទប្រកាន់​ និង​កាត់ទោស​សកម្មជន​នយោបាយ​និង​សិទ្ធិមនុស្ស​ «ជា​ការ​អនុវត្ត​ច្បាប់​» របស់​កម្ពុជា «និង​មិនមែន​ជា​ការ​បំពាន​ទៅ​លើ​សិទ្ធិ​នយោបាយ​និង​ការ​បញ្ចេញ​មតិ​របស់​សកម្មជន​ទាំង​នោះ​ទេ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដែល​ដឹកនាំ​ដោយ​លោក Ed Markey ទើប​តែ​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ S-3052ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​គោល​បំណង​លើក​កម្ពស់​ការបោះ ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ស្នើ​ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​ដាក់ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការបង្កក​ទ្រព្យ​សម្បត្តិ ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការមិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​និង​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។

សេចក្តី​ស្នើច្បាប់ ​S-3052​ នេះ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​ដាន​ពិនិត្យ​មើល​សកម្មភាព​របស់​យោធា​ចិន​នៅ​កម្ពុជា​ផងដែរ​ ក្នុងនោះ​មាន​ការសាងសង់​ពង្រីក​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ​និង​នៅ​អាកាស​យានដ្ឋាន​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង។​

ដោយឡែក ​គណៈប្រតិភូ​សភា​អាមេរិក​ បាន​សាទរ​ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​រងការឈ្លានពាន​ពី​រុស្ស៊ី និង​ដែល​កំពុង​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ខាង​សន្តិសុខ សេដ្ឋកិច្ច​ និង​ស្បៀង​អាហារ​ជា​សកលោក​ផងដែរ។ ​

បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​កម្ពុជា​កាលពីថ្ងៃ​ពុធ​ គណៈប្រតិភូ​សភា​អាមេរិក​ដែល​ភាគច្រើន​មកពី​រដ្ឋ​ដែល​មានពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​ជាងគេនោះ​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​នៃ​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​ ដើម្បី​ពិនិត្យ​មើល​លើ​ការ​វិវត្ត​នៃ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​ផងដែរ។

បើ​តាម​លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ដែល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរីនោះ ​លោក​អះអាងថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ពួកគេ​អំពី​ការ​បន្ត​បង្ក្រាប​និង​រឹតត្បិត​របស់​រដ្ឋាភិបាល​និង​មន្ត្រី​មាន​សមត្ថកិច្ច​លើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ជម្លោះ​ដីធ្លី សិទ្ធិ​ធ្វើ​នយោបាយ​និង​បញ្ចេញ​មតិ និង​ជម្លោះ​ការងារ​រវាង​ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាដើម។ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា​ក៏​ស្នើ​ឲ្យ​សភាអាមេរិក​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​បាន​ដិតដល់ និង​បន្ត​«គាំទ្រ​ទាំង​ស្មារតី និង​ធនធាន​ចាំបាច់​នានា ដើម្បី​ធានា​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​សារ​ព័ត៌មាន​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព ជា​ពិសេស សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​សិទ្ធិ​ការងារ»។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភាអាមេរិកនេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មក​ពី​គណបក្ស​ធំៗ​ពីរ​របស់​សហរដ្ឋ​អាមេរិក ទៅ​កាន់​តំបន់​អាស៊ី។ ហើយ​ទស្សនកិច្ច​របស់​ពួកគេ​មក​កាន់​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​ទាំង ៥ រូប​នេះ បាន​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅ​កោះតៃវ៉ាន់ ដែល​កំពុង​ប្រឈម​ភាព​តានតឹង​ទាំង​ផ្នែក​ការទូត និង​យោធា។

គួរ​បញ្ជាក់​ផងដែរ​ថា គណៈប្រតិភូ​សភា​អាមេរិក​នេះ​រួមមាន​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts លោក John Garamendi សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក Alan Lowenthal សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក Don Beyer សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ Virginia និង​អ្នកស្រី Aumua Amata Coleman Radewagen សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​ដែនដី​ Samoa៕

XS
SM
MD
LG