ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នឹង​បោះ​ឆ្នោត​លើ​ការ​ចាប់ផ្ដើម​ពិភាក្សា​អំពី​ការ​សើរើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើរ​ទៅ​ធ្វើ​សន្និសីទ​កាសែត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សើរើ​ច្បាប់​រ៉ាប់រង​សុខភាព Affordable Care Act នៅ​ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ លើ​ករណី​ថា​តើ​ត្រូវ​បើក​ការ​ជជែក​ដេញដោល​លើ​គម្រោង​របស់​គណបក្ស​សាធារណរដ្ឋ ក្នុង​ការ​សើរើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា កំពុង​ដឹកនាំ​ដំណើរការ​លុប​ចោល​នូវ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Obamacare នេះ។ ប៉ុន្តែ កាល​ពី​ខែ​មុន លោក​រង​នូវ​សម្ពាធ​ក្នុង​ការ​ឈាន​មួយ​ជំហាន​ថយ​ក្រោយ​វិញ នៅ​ពេល​ដែល​មិន​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ទម្រង់​ទាំង​ពីរ​ប្រភេទ​របស់​ច្បាប់​នេះ។

គណបក្ស​សាធារណរដ្ឋ​កាន់កាប់​អាសនៈ​ចំនួន ៥២ នៅ​ក្នុង​ព្រឹទ្ធសភា។ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ កាន់កាប់​អាសនៈ​ចំនួន ៤៨។ ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់​ទាំង​ស្រុង​ចំពោះ​ការ​លុប​ចោល​ច្បាប់​នេះ ហើយ​មាន​តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​ពីរ​រូប​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ច្បាប់​នេះ នោះ​ច្បាប់​នេះ​អាច​ទទួល​បាន​សំឡេង​គាំទ្រ ៥០ លើ ៥០។

អ្វី​ដែល​គេ​មិន​ទាន់​ច្បាស់​គឺ​ថា តើ​ទម្រង់​ច្បាប់​មួយ​ណា ដែល​ព្រឹទ្ធសភា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នោះ។ រដ្ឋសភា​បាន​អនុម័ត​បទ​បញ្ញត្តិ​លុប​ចោល​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Obamacare និង​ជំនួស​វិញ​ដោយ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

នៅ​ក្រោម​សំណើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី​របស់​គណបក្ស​សាធារណរដ្ឋ ការិយាល័យ​ថវិកា​របស់​សភា បាន​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង​ចំនួន ២២ លាន​នាក់ អាច​បាត់បង់​ការ​ធានា​រ៉ាប់រង​របស់​ពួកគេ​នៅ​ក្នុង​ទសវត្សរ៍​ក្រោយ ប៉ុន្តែ​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ថ្មី​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ចំណេញ​បាន​ថវិកា​ចំនួន ៤២០ ពាន់​លាន​ដុល្លារ​អាមេរិក៕