ព្រឹទ្ធ​សភា​អាមេរិក​នឹង​បោះ​ឆ្នោត​​កាត់​បន្ថយអំណាចធ្វើ​សង្គ្រាម​របស់​លោក Trump នៅ​អ៊ីរ៉ង់

រូបឯកសារ៖ ប្រធានាធិបតី Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំពីសន្តិសុខផ្នែកព្រំដែននៅសេតវិមាន។

ព្រឹទ្ធ​សភា​អាមេរិក​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះលើ​សេចក្តី​សម្រេច​មួយអំពាវ​នាវ​ឲ្យ​លោក​ប្រធានាធិបតី​ត្រាំ «ឈប់​ប្រើ​ប្រាស់​កង​កម្លាំ​ង​ប្រដាប់​អាវុធ​របស់​សហរដ្ឋអាមេរិកសម្រាប់​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ លើក​លែង​តែ​សកម្មភាព​ទាំង​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាមុន​សិន»។

លោក​ប្រធានាធិបតី​ត្រាំច្រាន​ចោល​វិធានការ​នេះ ដោយ​ជជែក​ថា ការ​ដាក់​កំណត់​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​លោកជា​រឿង​មាន​គ្រោះ​ថ្នាក់ ហើយលោក​បាន​តឿន​ឲ្យ​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋប្រឆាំង​ជំទាស់នឹង​សេចក្តី​សម្រេច​នោះ។

លោក​ត្រាំ​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា «ជា​រឿង​សំខាន់​ណាស់​សម្រាប់​សន្តិសុខ​របស់​ប្រទេស​យើង ដែល​ព្រឹទ្ធ​សភា​សរអា មិន​ត្រូវ​បោះ​ឆ្នោត​គាំ​ទ្រ​សេចក្តី​សម្រេច​លើ​អំណាច​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់ទេ។ យើង​កំពុង​ចាត់​វិធានការ​យ៉ាង​ល្អ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ហើយ​យើង​មិន​ត្រូវ​បង្ហាញ​ភាព​ទន់​ខ្សោយ​នៅ​ពេល​នេះ​ទេ‍»។

លោក Tim Kaine ​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា គាំ​ទ្រ​សេចក្តី​សម្រេច​នេះ បាន​ថ្លែង​ប្រាប់​ព្រឹទ្ធ​សភា​ថា «​សេចក្តី​សម្រេច​នៅ​មុខ​យើង​នៅ​ថ្ងៃ​នេះ ជា​សេចក្តី​សម្រេច​អំពី ការ​ទាម​ទារ​យក​តួ​នាទី​យ៉ាង​ត្រឹម​ត្រូវ​របស់​ព្រឹទ្ធ​សភា ក្នុង​ការ​សម្រេច​អំពី​សង្គ្រាម។ សេចក្តី​សម្រេច​នេះ​សមញ្ញ​ណាស់។ យើង​មិន​គួរ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ លើក​លែង​តែ​មាន​ការ​បោះ​ឆ្នោត​អនុមត្តិ​ពី​សភាជាមុន​សិន‍»។